ប្រមុខការពារជាតិជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងជួបប្រជុំគ្នានៅខែមករា ឆ្នាំ២០២២

វ៉ាស៊ីនតោន៖ សារព័ត៌មានជប៉ុន NHK បានដកស្រង់ប្រភពចេញផ្សាយថា ការរៀបចំកំពុងដំណើរការសម្រាប់ប្រមុខការពារជាតិជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីជួបប្រជុំគ្នានៅកោះហាវ៉ៃ នាពាក់កណ្តាលខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំខាងលើនេះនឹងមានវត្តមានចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក គីស៊ី ណូបប៊ូ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក ស៊ូ វ៉ុក។ ប្រមុខការពារជាតិប្រទេសទាំងបីត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីរបៀបដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងធ្វើឱ្យប្រទេសនេះបញ្ឈប់ការបាញ់សាកល្បងមីស៊ីលផ្លោងដែលបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ប្រភពបានអោយដឹងទៀតថា ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងថាតើការពិភាក្សានេះ នឹងត្រូវធ្វើឡើងដោយផ្ទាល់ ឬតាមវីដេអូអនឡាញទេ ចំពេលមានការរីករាលដាលខ្លាំងនៃវីរុសបំប្លែងថ្មី អូមីក្រុង។

គួរបញ្ជាក់ថា ជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើការដើម្បីរៀបចំឱ្យមានកិច្ចប្រជុំរបស់ប្រមុខការបរទេស និងការពារជាតិរបស់ប្រទេសទាំងពីរនៅថ្ងៃទី៧ ខែមករានៅទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែឥឡូវនេះ ពួកលោកត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរការពិភាក្សា “ពីរបូកពីរ” ទៅជាទម្រង់អនឡាញវិញ ដោយសារតែការគំរាមកំហែងនៃវីរុស អូមីក្រុង៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner