ប្រមុខការពារជាតិជប៉ុនបង្ហាញការព្រួយបារម្ភទៅកាន់សមភាគីចិន ជុំវិញស្ថានភាពនៅសមុទ្រចិនខាងកើត
តូក្យូ៖ អំឡុងកិច្ចពិភាក្សាគ្នាតាមវីដេអូខលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក គីស៊ី ណូបប៊ូ បានបញ្ជូនទៅកាន់សមភាគីចិនរបស់លោក គឺលោក វ៉ៃ ហ្វឹងហ៊ី នូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលលោកហៅថា ការប៉ុនប៉ងឯកតោភាគីដោយទីក្រុងប៉េកាំង ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំង។
នេះជាលើកទីមួយហើយដែលប្រមុខការពារជាតិប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ចាប់តាំងពីខែធ្នូកន្លងទៅ។ លោក គីស៊ី បានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រចិនខាងកើត រួមទាំងដែនទឹកជុំវិញប្រជុំកោះ សិនកាគុ (Senkaku) ជាកោះដែលជប៉ុនគ្រប់គ្រង។ លោក គីស៊ី បន្ថែមថា ការព្រួយបារម្ភជាអន្តរជាតិកំពុងកើនឡើងជុំវិញវិធានការរបស់ចិន ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិក្នុងលក្ខណៈបិទបាំង និងដើម្បីធ្វើទំនើបកម្ម និងពង្រីកកងកម្លាំងរបស់ខ្លួន ដោយលោកបានស្នើឲ្យចិនធ្វើការទទួលខុសត្រូវបន្ថែមទៀត។ លោកទាំងពីរបានព្រមព្រៀងគ្នាក្នុងគោលបំណងចាប់ផ្តើមបណ្តាញទូរស័ព្ទបន្ទាន់រវាងមន្ត្រីការពារជាតិប្រទេសទាំងពីរនៅចុងឆ្នាំក្រោយ ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យរវាងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធារបស់ចិន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះ លោក គីស៊ី បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ជាមួយចិន ទាក់ទងនឹងបញ្ហាលេចធ្លោរវាងប្រទេសនានា។ លោក គីស៊ី បានបន្ថែមទៀតថា ជប៉ុននឹងបន្តជំរុញអន្តរកម្មជាមួយចិន ដើម្បីជំរុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក៕ ប្រភព៖ NHK