ស្ត្រីអាហ្វហ្គានីស្ថានអំពាវនាវសុំសិទ្ធិ និងតវ៉ាប្រឆាំងនឹងការសម្លាប់របស់តាលីបង់

ក្រុម​​ស្ត្រី​​ជន​ជាតិ​អាហ្វហ្កានីស្ថាន​​ ​ដើរ​​ដង្ហែ​ក្បួនក្នុង​​​រដ្ឋធានី​​កាប៊ុល​​ដោយ​​អំពាវ​នាវ​​ឲ្យ​​មាន​ការ​គោរព​​សិទ្ធិ​​ស្ត្រី​​ និង​​ចោទ​​អាជ្ញាធរ​​តាលីបង់​​ថា​​បាន​​សម្លាប់​​ទាហាន​​ដែល​​បម្រើ​​អតីត​​រដ្ឋាភិបាល​​គាំទ្រ​​ដោយ​​សហរដ្ឋ​​អាមេរិក​។​

តាម​ការ​រាយការណ៍របស់​ទីភ្នាក់ងារ​សារព័ត៌មាន​​ AFP​ ​ស្ត្រី​ប្រហែល ​៣០ ​នាក់​ ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​វិហារ​អ៊ិស្លាម​មួយ​នៅ​កណ្តាល​រដ្ឋ​ធានី​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​​ដើរ​ដង្ហែ​ពីរ​បី​រយ​ម៉ែត្រ​ដោយ​ស្រែក​ថា​ «​យុត្តិធម៌​ យុត្តិធម៌​»​ មុន​ពេល​ពួក​គេ​ត្រូវ​បាន​ ​កង​កម្លាំង​តាលីបង់​បញ្ឈប់​។​​

ការតវ៉ា​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​ បន្ទាប់​ពី​របាយការណ៍​​​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ និយាយ​ថា​ មាន​ការ​រាយការណ៍​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាង​ ១០០ ​ករណី​ដោយ​ពួក​តាលីបង់​ចាប់​តាំង​ពី​ចូល​កាន់​កាប់​រដ្ឋធានី​កាប៊ុល​កាល​ពី​ខែ​សីហា​។​

អ្នកស្រី​ Nayera Koahistani ​ដែល​ជា​អ្នក​តវ៉ា​ម្នាក់​និយាយ​ថា​៖​ «​ខ្ញុំ​ចង់​ប្រាប់​ពិភព​លោក​ ប្រាប់​ពួក​តាលីបង់​ឱ្យ​ឈប់​សម្លាប់​។​ យើង​​ចង់​​បាន​​សេរីភាព​ យើង​​ចង់​​បាន​​យុត្តិធម៌​ យើង​​ចង់​​បាន​​សិទ្ធិ​​មនុស្ស​​​»​។​

អ្នក​តវ៉ា​ម្នាក់​ទៀត​ឈ្មោះ ​Laila Basam ​អាន​សេចក្ដី​ប្រកាស​មួយ​ដែល​អំពាវ​នាវ​ឱ្យ​តាលីបង់​​​បញ្ឈប់​​ម៉ាស៊ីន​​ឧក្រិដ្ឋកម្ម​​របស់​ខ្លួន​។​ សេចក្តី​ថ្លែងការណ៍​​និយាយ​ថា​ អតីត​ទាហាន​ និង​អតីត​បុគ្គលិក​នៃ​រដ្ឋាភិបាល​​ ស្ថិត​​ក្រោម​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​តាលីបង់​ ដែល​បំពាន​លើ​ការ​សន្យា​លើក​លែង​ទោស​របស់​ខ្លួន​កាល​ទើប​ចូល​កាន់​កាប់​ក្រុង​កាប៊ុល​ដំបូង​។​

ក្រុម​​បាតុករ​​ក៏​​​បញ្ចេញ​​ការ​​ជំទាស់​​ទៅ​​នឹង​​ការ​​រឹត​​បន្តឹង​​ដែល​​ស្ត្រី​​កំពុង​​ប្រឈម​​មុខ​​ក្រោម​ការ​​​គ្រប់​គ្រង​​របស់​​តាលីបង់​។​ អ្នក​ស្រី ​Koahistani ​និយាយ​ថា​៖​ «​សិទ្ធិ​​ស្ត្រី​​គឺ​​ជា​​សិទ្ធិ​​មនុស្ស​។​ យើង​ត្រូវ​តែ​ការពារ​សិទ្ធិ​របស់​យើង​​​»​។​

រដ្ឋាភិបាលតាលីបង់​កាល​ពី​ចុង​សប្ដាហ៍​មុន​ បាន​​ចេញ​​សេចក្តី​​ណែនាំ​​​ថ្មី​​មួយ​ ដោយ​​ហាម​​​ស្ត្រី​​មិន​​ឲ្យ​​ធ្វើ​​ដំណើរ​​ផ្លូវ​​ឆ្ងាយ​ លុះ​​ត្រា​​តែ​​មាន​​សាច់​ញាតិ​​ជា​​បុរស​នៅ​ជាមួយ​ ខណៈ​សាលា​មធ្យម​សិក្សា​ភាគ​ច្រើន​នៅ​តែ​បិទ​ទ្វារ​មិន​ឱ្យ​ក្មេង​ស្រី​ចូល​រៀន​ ហើយ​ស្ត្រី​ភាគ​ច្រើន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ធ្វើ​ការ​។​ ប៉ុន្តែ​តាលីបង់​និយាយ​ថា​ ការ​ដាក់​កំហិត​របស់​ខ្លួន​គឺ​គ្រាន់​តែ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ​ហើយ​មាន​តែ​នៅ​ក្នុង​កន្លែង​ដើម្បី​ធានា​​ថា​កន្លែង​ធ្វើ​ការ​ និង​បរិយាកាស​សិក្សា​ទាំង​អស់​ មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី ​និង​ក្មេង​ស្រី​។​

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner