ករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា មិនបណ្តាលឱ្យមន្ត្រីស្ថានទូតណាម្នាក់រងរបួសនោះទេ
ភ្នំពេញ ៖ មានករណីបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនបណ្តាលឱ្យមន្ត្រីស្ថានទូតកម្ពុជាណាម្នាក់រងរបួសនោះទេ។ ចំណែកអាជ្ញាធរមីយ៉ាន់ម៉ា បានពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់។
ការបំផ្ទុះគ្រាប់បែកនេះ បានធ្វើឡើងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ មករា ឆ្នាំ២០២២ ខាងមុខនេះនេះ តបតាមការអញ្ជើញរបស់លោកប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមាប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣១ ខែធ្នូនេះថា ករណីផ្ទុះនេះ គឺពិតជាមានមែន កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ចន្លោះពីម៉ោង១០ ទៅម៉ោង ១០:៣០នាទី គឺខាងមន្ត្រីទូតកម្ពុជាបានឮសូរផ្ទុះ គឺផ្ទុះទី១ ដោយពិនិត្យមើលទៅចម្ងាយពីរបងស្ថានទូតប្រហែលជា១០០ម៉ែត្រ និងសំឡេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល១៥០ម៉ែត្រ។ តាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ា គេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឱ្យឮសូរសំឡេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់។ តាមការបញ្ជាក់ពីអាជ្ញាធរមីយ៉ាន់ម៉ា គឺអត់មានអ្នករងរបួសគ្រោះថ្នាក់អ្វីទេ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា “មកដល់ពេលនេះ មន្ត្រីទូតយើងនៅតែបំពេញការងារជាប្រក្រតី ក៏ប៉ុន្តែខាងភាគីអាជ្ញាធរមីយ៉ាន់ម៉ា គេកាន់តែពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង ទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់ គឺអាជ្ញាធរមីយ៉ាន់ម៉ា គេយកចិត្តទុកដាក់ខ្ពស់”។
ទាក់ទងការបំផ្ទុះគ្រាប់បែកនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចសន្និដ្ឋានបានទេថា ជាករណីអ្វីពិតប្រាកដនោះទេ៕
ដោយៈពលជ័យ