មេបក្សខ្មែររួបរួមជាតិ ៖ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ានឹងទទួលបានជោគជ័យ

ភ្នំពេញ ៖ មេដឹកនាំប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្តែងការជឿជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅមីយ៉ាន់ម៉ា (ភូមា) នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ នឹងទទួលបានជោគជ័យ ពីព្រោះសម្តេចមានបទពិសោធន៍ច្រើន ហើយនៅពេលដែលប្រទេសកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជាឱកាសមួយដែលអាចជជែករិះរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នេះថាលោកជឿជាក់លើសម្តេចតេជោ ហ៊ុន សែន មានបទពិសោធន៍រឿងនយោបាយ ដូចជានៅក្នុងប្រទេសកម្ពុជា គោលនយោបាយឈ្នះឈ្នះ ដែលបានដាក់ឡើងដោយសម្តេចតេជោឃើញថា ទទួលបានជោគជ័យបញ្ចប់សង្គ្រាម និងវិបត្តិផ្ទៃក្នុង។ បទពិសោធន៍នេះសម្តេចតេជោ ហ៊ុន សែន នឹងយកទៅពិភាក្សាជាមួយមេដឹកនាំភូមា ដើម្បីរកដំណោះស្រាយ ពីព្រោះលោកមើលទៅដល់ពេលវាដែលត្រូវដោះស្រាយផ្ទៃក្នុងគ្នានៅភូមា ហើយបើនៅបន្តសង្គ្រាមផ្ទៃក្នុង នឹងកាន់តែរាលដាលខ្លាំងទៅៗ។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា “នៅពេលដែលប្រទេសកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន ជាឱកាសមួយដែលអាចជជែករិះរកដំណោះស្រាយធ្វើយ៉ាងម៉េចឱ្យទទួលជោគជ័យក៏វាបានជួយដល់ភូមា។ ពិតមែនតែមានអ្នករិះគន់ តែបើដោះស្រាយបានទៅ ក៏អាយុជីវិតប្រជាពលរដ្ឋ ទុក្ខសោកលំបាកវេទនារបស់ប្រជាពលរដ្ឋ យើងឃើញហើយតែសង្គ្រាមដូចកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនមក គឺអត់មានអីដែលចំណេញទេ មានតែខូចខាតផ្ទះសម្បែង បាត់បង់អាយុជីវិតប្រជាពលរដ្ឋជាដើម ដែលទុក្ខសោកនេះយើងបានឆ្លងកាត់ជាយូរមកហើយ។ បើសិនជាសម្តេចអាចទៅជួយសម្របសម្រួលរកដំណោះស្រាយនៅភូមាបាន ក៏ដល់អាយុជីវិតប្រជាពលរដ្ឋនៅភូមា ហើយបញ្ហានេះដូចដែលកម្ពុជាធ្លាប់បានឆ្លងកាត់”។

លោក ញឹក ប៊ុនឆៃ ជឿជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅភូមានាពេលខាងមុខនេះ នឹងអាចទទួលបានជោគជ័យតិចឬច្រើនជឿថា មានជោគជ័យ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៧-៨ មករា ឆ្នាំ២០២២ ខាងមុខនេះនេះ តបតាមការអញ្ជើញរបស់លោកប្រធាន ក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕ 

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner