បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើល ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

ភ្នំពេញ៖ ក្រុមបាតុករខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើល ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឆ្លងឆ្នាំ បន្ទាប់ពីពួកគេ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ការចាប់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង៧យប់ ដោយបុគ្គលចំនួន០៩រូបនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

សេចក្តីបំភ្លឺព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូច្នេះថា៖ «មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាល រាជធានីភ្នំពេញ បានធ្វើការអំពាវនាវច្រើនលើកច្រើនសារឲ្យពួកគេបញ្ឈប់សកម្មភាពតវ៉ ដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ» ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូបនេះ គឺអនុលោមទៅតាមមាត្រា ៤៩៤ ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់ ។

នៅមុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់ការឆ្លងឆ្នាំ បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ។

សំឡេងមេក្រុមបាតុករ ត្រូវបានទម្លាយដោយ Facebook បង្ហាញឲ្យដឹងថា ពួកគេមានគម្រោងបិទផ្លូវសាធារណៈ និងបិទច្រកចេញចូលរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាសកម្មភាពតវ៉ាខុសច្បាប់ថែមទៀតផង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner