អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សនយោបាយពីរ

ភ្នំពេញ ៖ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS ថា កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ សម្រាប់ការបោះឆ្នោតកន្លងមក គឺភ្នាក់ងារគណបក្សនយោបាយនឹងទទួលបាននៅការិយាល័យរាប់សន្លឹកឆ្នោតនៅពេលបញ្ចប់ការរាប់សន្លឹកឆ្នោត។ ប៉ុន្តែដោយសារមានបញ្ហាមួយចំនួនទាក់ទងនឹងការចម្លងឡើងវិញច្រើនលើកច្រើនសារ វាធ្វើឱ្យមានបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងការស្រង់តួលេខខុសផង ហើយការច្រឡំគណបក្សនយោបាយទទួលបានសំឡេងឆ្នោតផង។ ដូច្នេះហើយដើម្បីចៀសវាងនៅកំហុសខុសឆ្គងនេះ បទបញ្ជានីតិវិធីសម្រាប់ការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោតត្រូវបានកាត់បន្ថយ ការចម្លងទម្រង់១១០២ គឺកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ មកនៅត្រឹម ៣ច្បាប់ ដោយមួយច្បាប់ត្រូវបានរក្សាទុកនៅក្នុងកញ្ចប់សុវត្ថិភាព “ក” ហើយសុវត្ថិភាព “ក” នេះនឹងផ្ញើទៅដល់គ.ជ.ប។ មួយច្បាប់ទៀតត្រូវផ្ញើនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងមួយច្បាប់ទៀតបិទផ្សាយនៅមុខការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

លោកបន្តថា ភ្នាក់ងារគណបក្សនយោបាយដែលរួមសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត គាត់អាចថតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត១១០២ ដែលបិទផ្សាយនៅមុខការិយាល័យបោះឆ្នោត ហើយបញ្ជូនទៅគណបក្សនយោបាយរបស់គាត់។ ប៉ុន្តែយ៉ាងណាក៏ដោយភ្នាក់ងារគណបក្សនៅតែទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត១១០២ នៅពេលដែលកំណត់ហេតុនេះត្រូវបានបញ្ជូនទៅដល់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលនៅទីនោះកំណត់ហេតុ១១០២ ត្រូវបានចុះហត្ថលេខាទទួលដោយប្រធានគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយបោះត្រាដើម្បីផ្តល់សុពលភាពបន្ថែមទៀតនៅលើកំណត់ហេតុនេះ។ កំណត់ហេតុនេះដែរក៏ត្រូវបានស្កេនបញ្ចូលទៅក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត ហើយគណបក្សនយោបាយនឹងទទួលបានការព្រីនកំណត់ហេតុនេះពីកំព្យូទ័រមកវិញ ហើយតួលេខដែលព្រីនចេញក្នុងប្រព័ន្ធកំព្យូទ័រពីរូបថតទម្រង់បែបបទ១១០២ គឺជាទម្រង់មួយឯកភាពគ្នាដែលភ្នាក់ងារគណបក្សនយោបាយណាមក៏ដោយក៏ទទួលបានទម្រង់បែបបទតែមួយនៃកំណត់ហេតុរាប់សន្លឹកឆ្នោត ១១០២។

អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា នេះជានីតិវិធីថ្មីដែលចៀសវាងនៅកំហុសឆ្គងនៅក្នុងការស្រង់តួលេខ ហើយវាលុបបំបាត់ចោលនៅករណីបណ្តឹងទម្រង់បែបបទដែលមានការស្រង់តួលេខខុសៗគ្នា។ ចំណុចនេះ គឺជាចំណុចមួយដែលធានាថា នៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត ដែលកំណត់ហេតុនេះ គឺមិនត្រឹមតែត្រៀមបោះពុម្ពចេញចែកជូនភ្នាក់ងារគណបក្សនយោបាយទេ ហើយកំណត់ហេតុនេះ ក៏បានផ្សាយផ្សាយតាមគេហទំព័រ គ.ជ.ប ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋអាចមើលឃើញនៅក្នុងប្រព័ន្ធគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត។

នេះគឺជាទំនើបកម្មមួយនៃដំណើរការរៀបចំការបោះឆ្នោតរបស់គ.ជ.ប ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីគាំទ្រដល់ដំណើរការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅក្នុងឃុំសង្កាត់ ដែលលទ្ធផលទាំងអស់ពីគ្រប់ការិយាល័យបោះឆ្នោត ត្រូវបានប្រមូលផ្តុំ និងបូកសរុបនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតតាមប្រព័ន្ធកំព្យូទ័រ។ នេះគឺជាលក្ខខណ្ឌបច្ចេកទេសមួយ ឬក៏ទិដ្ឋភាពបច្ចេកទេសមួយ ដែលមានការកែសម្រួលដើម្បីធានាថា ដំណើរការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត គឺអាចចៀសផុតពីការស្រង់តួលេខដោយដៃ ដែលកន្លងមកយើងអនុវត្តដោយដៃ ដែលធ្វើឱ្យមានកំហុសឆ្គងច្រើន។

ទាក់ទងការចេញសេចក្តីថ្លែងការណ៍រួមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា អ្វីៗទាំងអស់គឺពុំមានការលាក់បាំងអ្វីទេ គឺទិន្នន័យដែលមាននៅក្នុងកំណត់ហេតុ ១១០២ កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតនេះ គឺភ្នាក់ងារគណបក្សនយោបាយនៅតែទទួលបាននៅការិយាល័យបោះឆ្នោតតាមរយៈការថតដោយទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនទៅលើលទ្ធផលនៃការបោះឆ្នោត ដែលមានបិទផ្សាយនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ហើយនឹងអាចទទួលបានឯកសារនេះ នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនៅពេលដែលទម្រង់បែបបទនេះត្រូវបានស្កេនចូលទៅក្នុងប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោត ហើយពុំមានការខុសប្លែកអ្វីទេ។

លោក សោម សូរីដា បានបញ្ជាក់ថា “នេះគឺជាកិច្ចការមួយ ហើយក៏ជាវិធីសាស្ត្រមួយដែលធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត ហើយវាក៏អាចចៀសផុសបានពីការចម្លងម្តងហើយម្តងទៀត ឬក៏អាចមានកំហុសនៅក្នុងការស្រង់តួលេខ។ ប្រសិនបើភ្នាក់ងារគណបក្សនយោបាយមានតែ ២ ឬ ៣នាក់ទេនោះ មិនបញ្ហាទេ ប៉ុន្តែកន្លងមកនេះ ភ្នាក់ងារគណបក្សនយោបាយដែលសង្កេតមើលនៅការិយាល័បោះឆ្នោត និងរាប់សន្លឹកឆ្នោត គឺមានចំនួនច្រើន។ ក្នុងករណីមានចំនួនច្រើននេះ លេខាធិការគណៈកម្មការការិយាល័យបោះឆ្នោតក៏ត្រូវស្រង់តួលេខច្រើនដង ឬក៏សមាមាត្រទៅនឹងចំនួនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាននៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ចំណុចនេះ គឺជាចំណុចកែសម្រួលថ្មីនៃគ.ជ.ប ដើម្បីធ្វើយ៉ាងណាឱ្យគណៈកម្មការការិយាល័យបោះឆ្នោតបំពេញទម្រង់បែបបទដែលជាឯកសារមូលដ្ឋានសម្រាប់បូកសរុបលទ្ធផលនៃការបោះឆ្នោត គឺមានតែចំនួនតិច ហើយងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យតួលេខលទ្ធផល ពិសេសទៅលើគណបក្សនយោបាយដែលទទួលបានសំឡេងឆ្នោតផងដែរ”៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner