ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុប ៨,៦៧៤នាក់ បានមកលេងក្នុងខេត្តរតនគិរី ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលចូលឆ្នាំ២០២២នេះ

រតនគិរី ៖ តាមការបញ្ជាក់ពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានអោយដឹងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃឆ្លងឆ្នាំសកល ២០២១ ចូលឆ្នាំ២០២២ ខេត្តរតនគិរី បានទទួលភ្ញៀវទេសចរជាតិ និងអន្ដរជាតិសរុបចំនួន ៨,៦៧៤នាក់ ។

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិដែលបានមកលេងខេត្តរតនគិរីនៅក្នុងឱកាសនេះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលបានឃើញការរៀបចំសោភ័ណភាពទីក្រុង និងតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានាបានយ៉ាងស្រស់ស្អាត ដោយក្នុងក្រុងបានលុងផ្ទាល់ នាពេលរាត្រី មានបំពាក់ភ្លើង
បំភ្លឺតាមទីសាធារណៈយ៉ាងស្រស់ស្អាត ធ្វើឱ្យអារម្មណ៍ ភ្ញៀវទេសចរស្រស់ថ្លាអស់ទុក្ខកង្វល់ ចំណែកនៅតាមរមណីយដ្ឋានទេសចរណ៍ គេឃើញមានការរៀបចំការវាស់កម្ដៅ បាញ់អាល់កុល និងរៀបចំទីតាំងលក់ ប្រកបដោយអនាម័យត្រឹមត្រូវ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលបានមកលេងកម្សាន្ដក្នុងឱកាសឆ្លងឆ្នាំនេះ និយមទៅលេងនៅបឹងយក្ខឡោម បឹងលំកុដ ទឹកធ្លាក់អូរស៊ិនលែ ទឹកធ្លាក់កាចាញ ទឹកធ្លាក់កាទៀង ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ពេញនិយម រាល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ដនៅខេត្តរតនគិរី គឺពួកគាត់មិនដែលរំលងក្នុងការទៅលេងកម្សាន្ដឡើយ ដោយនៅទីនោះពួកគាត់អាចងូតទឹកលេង តែងខ្លួនជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីថតរូបលេងកម្សាន្ដ ទុកជាអនុស្សាវរីយ៍ និងបរិភោគអាហារឆ្ងាញ់ៗនៅទីនោះផងដែរ។ចំណែកពេលរាត្រីភ្ញៀវទេសចរ អាចមកអង្គុយលេងកម្សាន្ដ ស្រូបខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃលិច នៅផែមាត់បឹងកន្សែង និងបរិភោគអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ នៅតាមភោជនីយដ្ឋាននៅជុំវិញបឹងផ្ទាល់តែម្ដង ដែលពួកគាត់អាចអង្គុយបរិភោគនៅក្នុងហាងផ្ទាល់ ឬចេញមកបរិភោគនៅតាមកន្លែងដែលរៀបចំនៅតាមមាត់បឹងកន្សែងផងដែរ ដែលនឹងញាំង អោយបរិយាកាស កាន់តែសប្បាយរីករាយមួយកម្រិតទៀត។

ដោយឡែកភ្ញៀវទេសចរខ្លះទៀត បាននាំក្រុមគ្រួសារបោះតង់ បរិភោគអាហារពេលល្ងាច នៅតាមទីតាំងមាត់បឹងទំនប់វារីអគ្គិសនីនៅជាយក្រុងបានលុង និងទីតាំងមួយចំនួនផ្សេងទៀតដែលមានទេសភាពស្រស់ស្អាត និងបរិយាកាសកាន់តែបរិសុទ្ធ ដើម្បីរងចាំឆ្លងឆ្នាំ ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner