នាយកសាលា GVA បានចាត់ទុកកីឡាជាផ្នែកមួយដ៏សំខាន់ ជួយជម្រុញឲ្យសិស្សាសិស្សជោគជ័យ ក្នុងការសិក្សា

លោក ម៉ុន សុខជា នាយកសាលា Golden Valley Academy Of HOPE Worldwide ហៅកាត់ថា GVA បានលើកឡើងថា ក្រៅពីមុខវិជ្ជាសិក្សាស្របតាមស្តង់ដាក្រសួងអប់រំយុវជន និងកីឡា សាលា GVA ក៏បានដាក់បញ្ចូលកម្មវិធីហ្វឹកហាត់កីឡា ក្នុងម៉ោងសិក្សាជាមួយគ្រូជំនាញ ក្នុងមួយសប្តាហ៍ចំនួន២ដងផងដែរ ។


លោក ម៉ុន សុខជា បានពន្យល់ថា ការដាក់បញ្ចូលកម្មវិធីកីឡា ក្នុងម៉ោងសិក្សា សម្រាប់សិស្សានុសិស្សហ្វឹកហាត់ជាប្រចាំនោះ ដោយសារសាលាមានគោលដៅជំរុញឲ្យសិស្សជោគជ័យក្នុងការសិក្សា ព្រោះថា កីឡាមានសារៈសំខាន់មិនអាចខ្វះបាន ដោយសារកីឡាជួយឲ្យកាយសម្បទាមាំមួន ប្រាជ្ញាស្មារតីភ្លឺថ្លាវាងវៃ និងបានបង្រៀនឲ្យសិស្សចេះសាមគ្គីគ្នា និងចេះធ្វើការងារជាក្រុម ។ មួយវិញទៀត ការបណ្តុះកីឡាដល់សិស្សក៏ជាការរួមចំណែកជួយផលិតនូវធនធានកីឡាករ កីឡាការិនីឆ្នើមជូនកម្ពុជា ដើម្បីអភិវឌ្ឍកីឡា នៅកម្ពុជាឲ្យកាន់តែរីកចំរើនផងដែរ ។

នាយកសាលាខាងលើ បញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡាជាសេនាធិការ បានកំពុងយកចិត្តទុកដាក់លើវិស័យកីឡា ដើម្បីពន្លឿនការអភិវឌ្ឍយ៉ាងខ្លាំង ។ ដូច្នោះហើយ សាលា GVA បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបណ្តុះធនធានមនុស្ស តាមការយៈការលេងកីឡា ។


ដោយឡែកលោក សេង សុវណ្ណ អាណាព្យាបាលសិស្ស បានលើកឡើងថា ការផ្តល់បញ្ចូលកម្មវិធីហ្វឹកហាត់កីឡាដល់សិស្ស ដែលកំពុងសិក្សា គឺជាសកម្មភាពជួយជំរុញឲ្យសិស្សជោគជ័យ ក្នុងការសិក្សា និងអប់រំផ្នត់គំនិតឲ្យមានសិល៍ធម៌ក្លាយជាបុគ្គលល្អ ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គមជាតិ ។


រីឯ រតនៈ ប្រាថ្នាវិទូ ជាសិស្សសាលា GVA បានបញ្ជាក់ដែរថា កីឡាជាផ្នែកមួយដ៏សំខាន់ជួយពង្រឹងរាង្គកាយអោយល្អ និងស្មារតីភ្លឺថ្លា ជួយឲ្យការសិក្សាទទួលបានជោគជ័យ ជាពិសេស មិត្តភាពសាមគ្គីភាព ។
សូមរំលឹកថា Golden Valley Academy of HOPE worldwide ហៅកាត់ថា GVA គឺជាសាលារៀនស្តង់ដាមួយនៅកម្ពុជា ហើយក៏ជាសាលាមួយ ដែលមានក្រុមបាល់ទះនារីល្អជាងកេ និងជាប់ជាជើងឯកវិញ្ញាសាបាល់ទះ ផ្នែកនារី ទូទាំងប្រទេសជាច្រើនឆ្នាំផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner