គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតជាង៩លាន២សែននាក់

ភ្នំពេញ ៖ អនុវត្តតាមប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន៩.២០៥.៦៧៥ នាក់ ក្នុងនោះស្ត្រីមានចំនួន ៤.៩០៤.៨២៥ នាក់ ការិយាល័យបោះឆ្នោត មានចំនួន ២៣.៦០២ និងឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២២៤.៩៧០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

គ.ជ.ប បានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ ។ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្ដឹង (ទម្រង់បែបបទលេខ ១២០២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ) ។

គ.ជ.ប បានបញ្ជាក់ថា ការប្តឹងតវ៉ាអាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.បលុបឈ្មោះមិនត្រឹមត្រូវ។ ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

គួរបញ្ជាក់ថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ហើយ ប្រជាពលរដ្ឋទាំងអស់ក៏អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង តាមគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ(App) NEC KH ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner