មេក្រុមបាតុករខុសច្បាប់នៅមុខ Naga World ចំនួន៩នាក់ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ភ្នំពេញ៖ មេក្រុមបាតុករ៩នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្ស៩នាក់នោះ រួមមាន៖ ១. ឈឹម ស៊ីថរ, ២. រី សុវណ្ណឌី, ៣.សុន ស្រីពេជ, ៤. ហ សុភាព, ៥. ឃ្លាំង សុបិន្ត, ៦.ទូច សិរីមាស, ៧. ឈឹម សុខន, ៨. សុខ ណារិទ្ធ និង៩. ឈ្មោះ សុខ គង្គា។ ក្នុងចំណោម៩នាក់នេះ មាន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់តុលាការ ខណៈ៣នាក់បានរត់គេចខ្លួន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបន្តថា ពួកគេមានការពាក់ព័ន្ធនឹងអង្គហេតុញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានបណ្ដេញចេញ ឲ្យធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងបង្កឲ្យមានអសន្តិសុខដល់សង្គម ។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងប្រមូលភស្តុតាងរួចមក អំពើដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ដោយផ្អែកតាមអង្គហេតុ និងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ៖ ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយអយ្យការ សំណុំរឿងជនទាំង៩នាក់នេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តតាមនីតិវិធី ។
សូមរំលឹកថា មុនមានការចាប់ខ្លួនមេក្រុមបាតុករទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្របសម្រួល និងអំពាវនាវឲ្យពួកគេផ្អាកសកម្មភាព ដើម្បីអបអរសាទរដល់បុណ្យចូលឆ្នាំសកល ២០២២ ប៉ុន្តែពួកគេពុំបានបញ្ឈប់តាមការអំពាវនាវនោះឡើយ ៕ ដោយ ប៊ុនធី និងវណ្ណលុក