វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៩៣៦ករណី» ក្នុងនោះទីក្រុងហាណូយ ២,១០០ករណី, ព្រមទាំងស្លាប់ថ្មីចំនួន១៩០នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទ
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៩៣៦ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
ក្នុងចំណោមករណីឆ្លងខាងលើ មាន២០ករណី ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,១០០ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន ៦៦២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមាន ខេត្ត Hải Phòng មានចំនួន ១,៧៤៩ករណី, ខេត្ត Vĩnh Long ចំនួន ៨៤២ករណី និងខេត្ត Tây Ninh ចំនួន ៩១៩ករណី។
ក្នុងរបាយការណ៍ថ្ងៃចន្ទ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន ១៩០នាក់បន្ថែមទៀតផងដែរ ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧៧៨,៩៧៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៩៧,១៥៧នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,០២១នាក់ ៕