សម្ដេចតេជោ នឹងអញ្ជើញប្រគល់រង្វាន់លើកទឹកចិត្តម្ចាស់ជ័យលាភីមេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក នៅព្រឹកស្អែកនេះ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ម្ចាស់មេដាយមាសកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ គឺវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលការឈ្នះមេដាយមាសនេះ បានក្លាយជាគំរូមួយសម្រាប់លើកទឹកចិត្តឲ្យកីឡាករ កីឡាការិនី ខិតខំប្រឹងប្រែងដណ្តើមបានមេដាយមាស ដែលជាសមិទ្ធផលជោគជ័យដ៏ធំធេង និងជាគំរូដឹកមុខជំរុញឲ្យអត្តពលិកជម្រើសជាតិ ដាក់ទិសដៅអភិវឌ្ឍសមត្ថភាពដណ្តើមមេដាយមាសកម្រិតអន្តរជាតិ និងក្លាយជាវីរកីឡាករ កីឡាការិនីទាំងអស់គ្នា សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
សូមរំលឹកថា ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ម្ចាស់ផ្ទះ អេស្ប៉ាញ បានរៀបចំការប្រកួត ៣ផ្នែក គឺផ្នែកនារី ផ្នែកបុរស និងយុវជន ប៉ុន្តែកម្ពុជា មិនបានបញ្ជូនកីឡាករផ្នែកយុវជនទៅចូលរួមនោះទេ។ ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយមាស ផ្នែកនារី លើវិញ្ញាសាវាយយកពិន្ទុ ដោយវីរកីឡាការិនី អ៊ុក ស្រីមុំ ។
សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស ៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
ជាមួយគ្នានេះ កីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ពីការប្រកួតជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរវិលត្រឡប់មកដល់មាតុប្រទេសវិញ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំក្បួនដង្ហែរអមដោយម៉ូតូសយ៉ាងអធិកអធមផងដែរ ៕ ដោយ វណ្ណលុក