អាជ្ញាធរសុខាភិបាលអាមេរិកអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Pfizer-BinNTech ដូសជំរុញសម្រាប់ក្មេងអាយុ ១២ឆ្នាំ
វ៉ាស៊ីនតោន៖ អាជ្ញាធរសុខាភិបាលអាមេរិកបានអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជំរុញរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ក្មេងៗអាយុ ១២ឆ្នាំ ហើយក៏បានកាត់បន្ថយគម្លាតសម្រាប់ការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះពី ៦ខែ មកនៅត្រឹម ៥ខែវិញផងដែរ។
រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) បានសម្រេចបែបនេះធ្វើឡើងចំពេលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងជំរុញសន្ទុះនៃការឆ្លងរាតត្បាតកាន់តែអាក្រក់ ហើយសិស្សានុសិស្សរាប់លាននាក់ក៏កំពុងត្រឡប់ទៅសាលារៀនវិញ បន្ទាប់ពីបានបញ្ចប់វិស្សមកាលឆ្លងឆ្នាំរួចរាល់។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ក៏បានអនុម័តដោយមានលក្ខខណ្ឌ ចំពោះវ៉ាក់សាំង Pfizer-BioNTech ដូសជំរុញ សម្រាប់កុមារអាយុចន្លោះពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ និងមានជំងឺប្រចាំកាយ ឬជាអ្នកដែលធ្លាប់បានទទួលការវះកាត់ប្តូរសរីរាង្គជាដើម៕ ប្រភព៖ CNA