ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍ P5 ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ
បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនី ញ៉ូហ្គូទែរ៉េស បានសាទរចំពោះសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំរុស្ស៊ី ចិន សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។
អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក ស្តេហ្វែន ឌូហ្សារីគ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការស្វាគមន៍សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋអាវុធនុយក្លេអ៊ែរ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងការជៀសវាងការប្រកួតប្រជែងអាវុធ។ មហាអំណាចនុយក្លេអ៊ែររបស់ពិភពលោកបានចាប់ផ្តើមឆ្នាំថ្មី ជាមួយនឹងការសន្យាដើម្បីជៀសវាងការប្រឡងប្រណាំងសព្វាអាវុធ។ សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង និងអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ ពួកគេបានហៅការជៀសវាងសង្រ្គាមរវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រថា ជា “ទំនួលខុសត្រូវចម្បងបំផុតរបស់ពួកគេ”។
ពួកគេបាននិយាយថា អាវុធនុយក្លេអ៊ែរគួរតែគ្រាន់តែជាការរារាំងដល់ការឈ្លានពានប៉ុណ្ណោះ ហើយថា ពួកគេនៅតែប្តេជ្ញាចំពោះកាតព្វកិច្ចសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសទាំង ៥ នេះ បានបញ្ចប់សេចក្តីថ្លែងការណ៍របស់ពួកគេដោយនិយាយថាពួកគេមានបំណងបន្តស្វែងរកវិធីសាស្រ្តការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាខាងយោធា៕ ប្រភព៖ CGTN និង NHK