ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាប្រទេសជាតិ

សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី ៤៣ អាណត្តិទី៥  នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០២១ គឺជាជីវភាពនយោបាយ មានលក្ខណៈជាប្រវត្តិសាស្ត្រជ្រាលជ្រៅ និងមានអត្ថន័យធំធេងសម្រាប់ប្រទេស កម្ពុជា និងប្រជាជនកម្ពុជា ។ សន្និបាត បានធ្វើការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្សចំនួន ២រូបទៀត គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិតិសង្គហបណ្ឌិត ម៉ែន សំអន ។ សន្និបាតបានសម្រេចជាឯកច្ឆ័ន្ទបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។​ លទ្ធផលដែលសន្និបាតសម្រេចបាននៅពេលនេះ គឺក្នុងគោលដៅពង្រឹង​រចនាសម្ព័ន្ធដឹកនាំគណបក្សឲ្យកាន់តែរឹងមាំ ការប្រមូលផ្តុំធនធានមនុស្សប្រកបដោយសមត្ថភាព និងបទពិសោធន៍សម្រាប់ត្រៀមការបន្តវេន និងបម្រើឲ្យសំណូមពរសមស្របនៃការរីកចម្រើនរបស់សង្គមជាតិកម្ពុជា ពីតំណាក់កាលមួយទៅតំណាក់កាលមួយទៀត ។ លទ្ធផលនេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណបក្ស សម្រាប់តួនាទីដឹកនាំរយៈពេលយូរអង្វែងទៅមុខ ដើម្បីរក្សាឲ្យបានសមិទ្ធផលដែលសម្រេចបានកន្លងមក ការការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព កុំឲ្យប្រទេសជាតិវិលទៅរកអតីតកាលដ៏ជូចត់ឡើងវិញ។

បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា បានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងដំណើរវិវត្តន៍នៃសង្គមជាតិកម្ពុជា ជាគណបក្សតែមួយគត់ដែលជាបង្អែកដ៏កក់ក្តៅ រឹងមាំ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនក្នុងការដឹកនាំប្រទេសជាតិឲ្យបន្តឈានទៅមុខទៀតនៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។   គណបក្ស បានដឹកនាំធ្វើឲ្យសម្រេចជោគជ័យធំៗជាច្រើនជូនប្រទេសជាតិ ។  ប្រជាជនយើងបានរស់នៅដោយក្តីសុខសាន្តក្រោមពន្លឺនៃសន្តិភាព និងបានរួមគ្នាជាធ្លុងមហាសាមគ្គីជាតិយ៉ាងរឹងមាំ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់របស់ព្រះ-មហាក្សត្រជាទីសក្ខារៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់តែមួយ គ្មានការបែងចែក គ្មានការរើសអើង។ គណបក្សមានបុព្វហេតុត្រឹមត្រូវ មានគោលបំណងច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ​ មានសមត្ថភាព និងលទ្ធភាព ពិតប្រាកដ ក្នុងការអនុវត្តឲ្យបានសម្រេចនូវរាល់គោលនយោបាយដែលបានដាក់ចេញក្នុងជំហរហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ។ នេះហើយគឺជាភាពខ្លាំង ជាឧត្តមភាព ជាភាពអស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល ។ លើមូលដ្ឋាននេះ គណបក្សបានត្រៀមគ្រប់លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបន្តបេសកកម្មដឹកនាំប្រទេសក្នុងរយៈពេលយូរអង្វែងតទៅមុខទៀត​ស្របតាមបំណងប្រាថ្នា​របស់ប្រជាជនកម្ពុជា​ ។

នៅក្នុងសង្គមប្រជាធិបតេយ្យដែលប្រកាន់យករបបសេរីពហុបក្សគណបក្សនយោបាយនិមួយៗមានសិទ្ធផ្ទាល់ក្នុងការរៀបចំកម្មវិធីនយោបាយរបស់គណបក្ស រចនាសម្ព័ន្ធគណបក្ស និងការត្រៀមបេក្ខជនសម្រាប់តំណែង ​ប្រធានគណបក្ស ឬអនុប្រធានគណបក្ស ឬជាបេក្ខជនប្រធានាធិបតី-អនុប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី ។ នៅប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺបណ្តាគណបក្សនយោបាយទាំងអស់ មានសិទ្ធគ្រប់យ៉ាងក្នុងការធ្វើសកម្មភាព ក្រោម​ក្របខណ្ឌច្បាប់ដែលបានកំណត់ ដោយមានសិទ្ធដូចៗគ្នាក្នុងការរៀបចំការងារផ្ទៃក្នុងរបស់គណបក្សខ្លួននីមួយៗ ។ ការសម្រេចរបស់សន្និបាតគណបក្សក្នុងការជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី   នាពេលអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ។ ឯកឧត្តម ហ៊ុន ម៉ាណែត  គឺជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលមាន​ព្រហ្មវិហាធម៌ គតិបណ្ឌិត សមត្ថភាព ភាពឈ្លាសវៃ មានស្មារតីស្នេហាជាតិជ្រាលជ្រៅ មានទឹកចិត្តគោរពស្រឡាញ់​ប្រជាជនដោយស្មោះស្ម័គ្រ មានគ្រប់លក្ខណៈសម្បត្តិដឹកនាំ បានទទួលការសិក្សាជ្រៅជ្រះខ្ពង់ខ្ពស់ មានសមត្ថភាព មានទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ បានទទួលការកោតសរសើរ និងការគោរពស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ ពីមន្រ្តីរាជការ និងពីកងកម្លាំងប្រដាប់អាវុធ ហើយបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ឆ្លុះបញ្ចាំងតាមរយៈគុណសម្បត្តិនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិ ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាពសេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

ការសម្រេចរបស់សន្និបាតរបស់គណៈកម្មាធិការកណ្តាលលើកទី ៤៣ អាណត្តិទី៥  នៃគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ រាប់ទាំងប្រជាជនខ្មែររស់នៅក្រៅប្រទេសបានប្រកាសស្វាគមន៍គាំទ្រដោយទឹកចិត្តរំភើបក្លៀវក្លាយ៉ាងក្រៃលែង និងបង្ហាញនូវក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អនាគតនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តរីកចម្រើន ថ្កុំថ្កើង រុងរឿង ត្រចះត្រចង់ គ្មានអ្វីដែលអាចមកបង្អាក់បានឡើយ ។

ប្រជាជនកម្ពុជាទូទាំងប្រទេសនឹងបន្តខិតខំពង្រឹងធ្លុងមហាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យកាន់តែរឹងមាំ អនុវត្តឲ្យបានជោគជ័យនូវរាល់កម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បី​ការពារឲ្យបានសុខសន្តិភាព ឯករាជ្យ បូរណភាពទឹកដី ជំរុញការអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ៕ ទស្សនាវដ្តីប្រជាជន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner