សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ភ្លាត់ស្នៀតជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះ៥គ្រាប់ ត្រូវពលរដ្ឋរបួសធ្ងន់២នាក់

មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា តំបន់គោកបញ្ជាន់ នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាង ជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យ​លោកសង្ឃ​កន្លងមកចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅចំណុចខាងលើ ភ្លាត់ស្នៀតត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ ត្រូវដៃ​របួសម្នាក់ផ្អើលឆោឡោ ​ជនសង្ស័យរត់ ​សមត្ថកិច្ចដេញតាមចាប់ ត្រូវបានជនសង្ស័យបាញ់រះ៤គ្រាប់ ទៀត​ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និង​ត្រូវ​ចំនារីម្នាក់​កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ​ដណ្តើមយកកាំភ្លើងបានវិញ ។

ពលរដ្ឋ បន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ​ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំ​ឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យកទៅពេទ្យរៀងខ្លួន​ ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ចំណែក​នារីរងគ្រោះត្រូវ​បានដឹកតាមម៉ូតូ​កង់បី​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ។

ហេតុការណ៍ផ្ទុះអាវុធ ​ផ្តើមចេញពីកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យ​តដៃ​ដណ្តើម​បានកាំភ្លើងបាញ់រះខាងលើ ​សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់​ទីតាំង​កើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ​រីឯកម្លាំងមួយក្រុម ដែល​ពលរដ្ឋអះអាងថា ​នគរបាលប្រឆាំងគ្រឿងញៀន ​អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បាន​ជនសង្ស័យនាំគ្នា​ចាកចេញទៅបាត់អស់ ៕

ads banner