មន្ទីរសាធារណការខេត្តកណ្តាលបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ២១បេចាប់ពីផ្លូវជាតិលេខ២១អាដល់ផ្លូវជាតិលេខ២ ក្នុងក្រុងតាខ្មៅ រហូតដល់ថ្ងៃទី២៧ ខែមករា
អត្ថបទដោយ៖
គង់ ចាន់ស្រីដែន
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានអោយដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានបន្តបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២១បេ ចាប់ពីផ្លូវជាតិលេខ២១ អាដល់ផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ចន្លោះម៉ោង ៦ល្ងាច ដល់ម៉ោង ៣ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់នេះ គឺដើម្បីធ្វើការសាងសង់លូកាត់ទទឹងផ្លូវប្រវែង ២០ម៉ែត្រ ត្រង់ស្ថានីយបូមទឹកដើមអំពិលចាស់ ផ្លូវជាតិលេខ២១បេសម្រាប់រំដោះទឹកជំនន់ទឹកភ្លៀង ក្នុងក្រុងតាខ្មៅ និងសហការជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ចំពោះរថយន្តគ្រួសារទេសចរណ៍ គឺអាចធ្វើចរាចរបានជាធម្មតា៕