នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃតាមប្រព័ន្ធវីដេអូនិងរួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀតក្រោយពេលជំងឺកូវីដ បានធូរស្រាល

នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាដ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស ការចូលរួមរបស់កងទ័ពជាមួយរាជរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ នាយឧត្តមសេនីយ៍ ចាឡឺមពល ស្រ៊ីសាវ៉ាដ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕

ads banner