ប៉ូលិសចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍

ភ្នំពេញ ៖ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ចំនួនបីនាក់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថានទូតអូស្ត្រាលី។ មេខ្លោងដែលត្រូវចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ក្នុងពេលជននេះកំពុងដឹកនាំធ្វើបាតុកម្មដោយខុសច្បាប់។ ចំណែកឈ្មោះ សុខ ណារិទ្ធ និង ឈ្មោះ សុខ គង្គា ត្រូវបានចាប់ខ្លួននៅកន្លែងផ្សេង ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានរកឃើញថា មេដឹកនាំបាតុករធ្វើបាតុកម្មតវ៉ាខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍នេះ មានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជា និងទទួលបានថវិកាពីអង្គការក្នុងស្រុក និងក្រៅប្រទេស។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី៤ ខែមករានេះ បានធ្វើសន្និសីទកាសែតបង្ហាញពីភស្តុតាងមួយចំនួន ដែលបញ្ជាក់ថា ការរៀបចំប្រមូលផ្តុំមនុស្សធ្វើការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ និងបក្ខពួក គឺមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ ដើម្បីបង្កភាពវឹកវរដល់សង្គមកម្ពុជាដោយទទួលបានជំនួយជាថវិការាប់សិបម៉ឺនដុល្លារពីអង្គការចាត់តាំងក្នុងស្រុក និងក្រៅប្រទេស។

លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើទូរស័ព្ទ និងកុំព្យូទ័ររបស់ជនល្មើស ដោយបានរកឃើញមានការឧបត្ថម្ភថវិកាពីក្រៅប្រទេស និងមានអង្គកាចំនួនបី គឺមួយនៅក្រៅប្រទេសនិងពីរ ទៀតនៅក្នុងស្រុក ដែលបានឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ សម្រាប់គាំទ្រដល់ការធ្វើបាតុកម្មខុសច្បាប់នេះ។ សមត្ថកិច្ចក៏បង្ហាញរូបភាពមួយចំនួននៃការរៀបចំផែនការក្នុងការធ្វើសកម្មភាពតវ៉ាដឹកនាំដោយឈ្មោះ ឈឹម ស៊ីថរ ពីមួយជំហានទៅមួយជំហាន និងការទទួលបានថវិកាពីក្រៅប្រទេសដើម្បីធ្វើសកម្មភាពដោយផ្ទាល់។ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបញ្ជាក់ថា តាមគម្រោងដែលគេរៀបចំ គឺឈ្មោះ ឈឹម ស៊ីថរ មានផែនការនឹងកម្ទេចក្រុមហ៊ុនណាហ្គាវើលដ៍។

ចំណែកលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញវត្ថុតាងជាច្រើនបង្ហាញថា ជនល្មើសទទួលផែនការពីក្រៅប្រទេសក្នុងការធ្វើសកម្មភាពតវ៉ាខុសច្បាប់។ ថវិកាដែលគេផ្តល់មកឱ្យ ឈឹម ស៊ីថរ មានច្រើនដំណាក់កាល ដែលគេបានរៀបចំដាក់ចេញជាផែនការសកម្មភាព ដោយក្នុងមួយដំណាក់កាលៗទទួលបានថវិកាចំនួនប្រាំពាន់ដុល្លារ។ សរុបទៅមានចំនួនរាប់សិបម៉ឺនដុល្លារ។ សមត្ថកិច្ចមិនត្រឹមតែមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកប៉ុណ្ណោះទេ លើសពីនេះគឺជនល្មើសទាំងប្រាំមួយនាក់ ដែលអាជ្ញាធរចាប់ខ្លួនបានសារភាពទទួលស្គាល់កំហុសផងដែរ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ ចំនួនប្រាំបួននាក់ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ររបស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៣ ខែមករា។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបន្តថា កាលពីថ្ងៃទី២ ខែមករា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួល ចាត់ការលើសំណុំរឿងដែលមានជនសង្ស័យចំនួនប្រាំបួននាក់ មានដូចជាៈ ១. ឈឹម ស៊ីថរ ២. រី សុវណ្ណឌី ៣. សុន ស្រីពេជ្រ ៤. ហៃ សុភាព ៥. ឃ្លាំង សុបិន្ត ៦. ទូច សិរីមាស ៧. ឈឹម សុខន ៨. សុខ ណារិន និង៩. សុខ គង្គា ព្រមទាំងបក្ខពួកមួយចំនួនទៀតពាក់ព័ន្ធនឹងអង្គហេតុ ញុះញង់បំផុសបំផុលក្រុមអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលត្រូវបានបណ្តេញចេញឲ្យធ្វើសកម្មភាពបង្កចលាចលដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអាចបង្កឲ្យមានអសន្តិសុខដល់សង្គម។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវនិងប្រមូលភស្តុតាង រួចមកអំពើដែលបានប្រព្រឹត្តខាងលើបានបំពានច្បាប់ដូចមានចែងក្នុងមាត្រា ៤៩៤ និងមាត្រាណ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ខាងលើនេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបើកការស៊ើបសួរលើបុគ្គលខាងលើ រួមទាំងបក្ខពួកពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥នៃក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា។

សមត្ថកិច្ចបានបញ្ជូនខ្លួនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World)ដែលជាមេដឹកនាំបាតុកម្មខុសច្បាប់ចំនួនប្រាំមួយនាក់ទៅ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែមករា ដើម្បីឱ្យព្រះរាជអាជ្ញានិងចៅក្រមធ្វើការសាកសួរតាមនីតិវិធី។

មេដឹកនាំបាតុកម្មខុសច្បាប់ទាំង៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១បន្ទាប់ពីពួកគេបានដឹកនាំបាតុកម្ម​ ខុសច្បាប់ និងបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។

មនុស្សទាំងប្រាំមួយនាក់រួមមាន ៖ ១. អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព ២. អ្នកស្រី ឃ្លាំង សុបិន្ត អីប្រឹក្សាជាន់ខ្ពស់ ,ហិ រញ្ញិកសហជីព( អ្នកកាន់លុយចំណាយ សហជីព) ៣. អ្នកស្រី ហៃ សុភាព (តំណាងក្រុមអ្នកចរចា) ៤. កញ្ញា សុន ស្រីពេជ្រ (តំណាងក្រុមអ្នកចរចា)៥. អ្នកស្រី រី សុវណ្ណឌី ( តំណាងក្រុមអ្នកចរចា) និង៦. អ្នកស្រី ទូច សិរីមាស ត្រូវបានការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។ មនុស្សទាំងប្រាំមួយនាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ចំណែកមនុស្សបីនាក់ទៀត រួមមានៈ ១. ឈ្មោះ រិន ផល្លា ២. ឈ្មោះ អេង ស្រីបូ និងទី៣. ឈ្មោះ ស៊ុន​ ស្រីមុំសមត្ថកិច្ចបានធ្វើការអប់រំ ណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS កាលពីព្រឹកថ្ងៃទី៣ ខែមករា នេះថា កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានចាប់ខ្លួនមេដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល សរុបចំនួន៩នាក់ ដោយក្នុងនោះមនុស្សចំនួន៦នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងមនុស្សចំនួន៣នាក់បានធ្វើការអប់រំ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង ១៩.០០នាទី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១សមត្ថកិច្ចនគរបាលបាន ធ្វើការចាប់ឃាត់ខ្លួនបុគ្គលចំនួន ០៩រូប ពីបទបានរៀបចំបាតុកម្ម ដោយខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើល ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មុននឹងអនុវត្តវិធានការច្បាប់ ចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ រដ្ឋបាល រាជធានីភ្នំពេញបានធ្វើការអំពាវនាវច្រើនលើកច្រើនសា ឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់សំដៅធ្វើយ៉ាងណារក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយ បន្តអូសបន្លាយបាតុកម្មអស់រយៈពេល១៣ថ្ងៃមកហើយ។ ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ៩រូបនេះ គឺអនុលោមទៅតាមមាត្រា ១៩៤ និងមាត្រា ១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់។

សូមជម្រាបថាអតីតបុគ្គលិកក្រុមណាហ្គាវើលដ៍បានប្រកាន់ជំហររបស់ខ្លួនបន្តការតវ៉ារហូតមានដំណោះស្រាយពីក្រុមហ៊ុនក្រោយពីការចរចាជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។ ពួកគេធ្វើកូដកម្មចំនួន១៣ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយទាមទារលក្ខខណ្ឌចំនូន៩ចំណុច ទាមទារឱ្យក្រុមហ៊ុនគោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះមានការទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត សរុបចំនួន៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ចូលបម្រើការងារនៅកន្លែងដើមវិញ រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ថ្ងៃចូលធ្វើការវិញជាដើម៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner