ប្រធានាធិបតីឥណ្ឌូនេស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២

ភ្នំពេញ ៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ និងជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី៤ ខែមករានេះ បានឱ្យដឹងថាក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទ ឯកឧត្តម ចូកូ វីដូដូ បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះកម្ពុជាក្នុងការចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ 

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ សម្តេចតេជោ ក៏បានកោតសរសើរគំនិតផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌូនេស៊ីដែលបានរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្រប សំដៅឈានទៅសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ៕

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner