ទោះជាប្រឈមមុខ និងគ្រោះថ្នាក់ខ្លះៗ ដោយសារតោងឡើងទៅ​លើកំពូលខ្ពស់ៗ នៃប្រាណប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ តែក្រុមការងារអប្សរា នៅតែខិតខំធ្វើចៀសវាងរុក្ខជាតិទាំងនោះ បង្ករហានិភ័យដល់ប្រាសាទ

          ក្រុមការងារកាត់សម្អាតរុក្ខជាតិ លើប្រាសាទក្នុងតំបន់អង្គរ តែងតែចុះកាត់សម្អាតរុក្ខជាតិតូច ធំ ជាប្រចាំថ្ងៃ ទៅតាមផែនការគ្រោងទុកប្រចាំខែ ដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែង ។

លោក ងិន ធី អ្នកគ្រប់គ្រងក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ថា ក្នុងចំណោមរុក្ខជាតិទាំងអស់ ដែលដុះនៅលើប្រាសាទ មានរុក្ខជាតិប្រភេទធំៗមួយចំនួន ដូចជា ដើមពោធិ៍ ជ្រៃ ស្ពង់ ដុះជាប់ជាប្រចាំមិនថា រដូវប្រាំង ឬវស្សាឡើយ ហើយរុក្ខជាតិទាំងនោះ ងាយនឹងដុះលូតលាស់លឿន ដែលធ្វើឲ្យក្រុមការងារត្រូវយកចិត្តទុកដាក់ ក្នុងការកាត់សម្អាតជាប្រចាំ ។ ពោលគឺក្នុងរយៈពេល១ខែកន្លះ ឬ២ខែ ត្រូវមកកាត់សម្អាតម្តង មិនដូចរុក្ខជាតិប្រភេទស្មៅឡើយ ។ ការធ្វើបែបនេះ ដើម្បីលើកកម្ពស់អនាម័យសោភណភាព របស់ប្រាសាទ និងចៀសវាងធ្វើឲ្យថ្មប្រាសាទក្រៀកឬរលុះ នៅពេលរុក្ខជាតិដុះកាន់តែធំ។

លោកបានពន្យល់ថា មូលហេតុដែលនាំឲ្យរុក្ខជាតិទាំងនោះ មកដុះនៅលើប្រាសាទបាន ដោយសារកត្តាខ្យល់បក់នាំគ្រាប់មកទើរលើល្បាក់ថ្ម និងសត្វស្លាបតែងតែពាំគ្រាប់រុក្ខជាតិ មកធ្វើជាចំណីអាហារជាប្រចាំ ។   លោកបន្តទៀតថា កិច្ចការទាំងអស់នេះ ក្រុមការងារតែងតែយកចិត្តទុកដាក់សម្អាតជាប្រចាំ ដោយបែងចែកជាក្រុមគោលដៅ និងមានកម្លាំងកម្មករ ជាង៣០នាក់ សម្រាប់ធ្វើការសម្អាត មិនទុកឲ្យដុះស្ដុកច្រើនឡើយ។

លោក ឈឿម ទ្រី ក្នុងនាមបុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឲ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ ដែលបន្សល់ដោយបុព្វបុរស និងចង់ឲ្យប្រាសាទនៅតែមានសោភណភាពស្រស់ស្អាត ដើម្បីឲ្យភ្ញៀវទេសចរគ្រប់រូបបានឃើញផងនោះ លោកតាំងចិត្តជាខ្លាំង ក្នុងការកាត់សម្អាតរុក្ខជាតិទាំងតូចធំ ដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ ។ លោកបន្តថា ក្នុងបទពិសោធន៍ការងារ រយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខ និងគ្រោះថ្នាក់ខ្លះៗ ដោយសារតោងឡើងទៅលើកំពូលខ្ពស់ៗ នៃប្រាសាទ ដើម្បីកាត់សម្អាតរុក្ខជាតិ តែលោកប្តេជ្ញាចិត្ត នៅតែបន្តការងារនេះ ដើម្បីភាពស្រស់ស្អាតនៃប្រាំងប្រាសាទបុរាណក្នុងតំបន់អង្គរ៕  ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner