ក្រសួងសុខាភិបាល ៖ អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត

 ក្រសួងសុខាភិបាល  នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសជាផ្លូវការ ដោយបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ មិនអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះជាដាច់ខាត។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើក ទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធាន     គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ជ្រាបថា ករណីជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវបានរក ឃើញថា ជាករណីនាំចូលមកពីបរទេស និងភាគច្រើនជាអ្នកដំណើរមកពីបរទេសតាមផ្លូវ  អាកាស។

ទោះបីជាពុំទាន់មានទិន្នន័យបញ្ជាក់ថា វីរុសនេះបណ្តាលឱ្យមានភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែវាមានលទ្ធភាព ឆ្លងលឿន។ ដូច្នេះ ដើម្បីបង្ការ និងទប់ស្កាត់ជាអតិបរមានូវការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះឡើយ ទោះបី ក្នុងលក្ខខណ្ឌណាក៏ដោយ។ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងទាំងអស់ត្រូវស្នាក់នៅ ថែទាំ និងព្យាបាល នៅក្នុង មន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ឬដោយគណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner