លទ្ធផលនៃការបើកសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៦ ដូចខាងក្រោម៖
របៀបវារៈទី១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤។ ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈ-កម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាបានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋយើង។

សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន តាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា សូមកោតសរសើរចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា-ណាចក្រកម្ពុជា រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងប្រជាជនយើងទាំងមូល ដែលបានគ្រប់គ្រងសភាព-ការណ៍ និងយកអស់កម្លាំងកាយ កម្លាំងចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្របខ័ណ្ឌទូទាំងប្រទេសដោយសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យប្រជាជាតិយើងមានកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាតិរឹងមាំ និងស័ក្តិសិទ្ធិ ហើយសម្រេចបានជោគជ័យជាជំហានៗ ឈានដល់ដំណាក់កាលមួយថ្មី ដែលយើងអាចបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន ដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ។ របៀបវារៈទី២៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោកជំទាវឱ សុខុម ដែលបានទទួលមរណភាព។ យោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ លោកជំទាវ ចឹក ហេង ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគិរី) ជំនួសលោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព ។

លោកជំទាវ ចឹក ហេង សមាជិកាព្រឹទ្ធសភាថ្មីត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។
របៀបវារៈទី៣៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភានីតិកាលទី៤។

ឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីធ្វើឱ្យចំណាត់ថ្នាក់ នៃបរិយាកាសធ្វើធុរកិច្ចល្អប្រសើរ
នៅព្រះរាជាណាចក្រកម្ពុជា បង្កលក្ខខណ្ឌកាន់តែល្អប្រសើរ និងមិនមានរបាំងក្នុងការធ្វើធុរកិច្ច
នៅកម្ពុជា ពិសេសធ្វើឱ្យច្បាប់នេះមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសកល ដើម្បីចូលរួមស្តារ
សង្គមនិងសេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ-១៩។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ-កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ។

ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦៩៥/០៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៥ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម បានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/០១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ត្រូវបានអនុវត្តដោយរលូនអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមានមាត្រាមួយចំនួននៃច្បាប់នេះមិនត្រូវបានយកមកអនុវត្តទៀតទេ ដោយហេតុថា រាជរដ្ឋាភិបាលបានធ្វើការកែទម្រង់ទៅលើការផ្តល់សេវាសាធារណៈ និងការកែលម្អបរិយាកាសនៃការធ្វើធុរកិច្ចឱ្យស្របតាមនិន្នាការក្នុងតំបន់និងជាសកល។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ-កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំធ្វើឡើងដើម្បីសម្រេចបាននូវការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាងគូភាគី ដោយអនុលោមតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញការប្រកួតប្រជែងរវាងគូភាគី ជាពិសេសការប្រកួតប្រជែងដែលពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លើកកម្ពស់តម្លាភាពនៃវិធានការពាណិជ្ជកម្មនិងវិនិយោគរបស់គូភាគី តាមរយៈការចែករំលែកនូវឧត្តមានុវត្តន៍និយ័តកម្ម និងការជំរុញនវានុវត្តន៍ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក បង្កើតក្របខ័ណ្ឌសម្រាប់ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ សំដៅពង្រីក និងលើកកម្ពស់សារៈប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ និងជំរុញការនាំចេញ និងបង្កើនទំហំផលិតកម្មទំនិញ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ នឹងក្លាយជាកម្លាំងចលករដ៍សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា កូរ៉េ ដែលនឹងផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍសុខុមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រ-កម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner