បុរសម្នាក់ស្រវឹងស្រាបើករថយន្តបុកសួនច្បារពុះចែកទ្រូងផ្លូវ២១៧ (ចំការដូង) ហោះមកបុកកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ចូលទឹក

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលមកបុកសួនច្បារពុះចែកទ្រូងផ្លូវ និងហោះមកបុកកង់បីឥណ្ដាចតស្ងៀមបណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាង ដោយរថយន្តមិនទាន់អស់ល្បឿនបន្តមកបុកបង្គោលភ្លើងបណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលទឹកប្រឡាយរងការខូចខាតយ៉ាងខ្លាំងផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចជិតផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តTACOMAពាក់ស្លាកលេខ ភ្នំពេញ2AP -6882 បើកបរក្នុងស្ថានភាពស្រវឹងស្រាជោគ ជាំ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវរាងកោងផងនោះ ក៏ជ្រុលបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យហោះឆ្លងផ្លូវមកបុកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខព្រៃវែង1P -9744 បើកដោយបុរសម្នាក់កំពុងឈប់ចាក់សាំងពេញទំហឹងបណ្ដាលប៉ើងជាច្រើនត្រឡប់ក្រឡាប់ផ្ងាជើងច្រង៉ាងនិងធ្វេីឲ្យម្ចាស់កង់បីឥណ្ឌារងរបួសបែកក្បាលគួរសមផងដែរ ។ ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿន បានបុកបង្គោលភ្លើងបាក១ដើម ទៀតធ្វេីឲ្យរថយន្តវិលមួយជុំក្រឡាប់គូទចូលប្រឡាយទឹក សំណាងណាស់ម្ចាស់រថយន្តរងរបួសស្រាលលូនចេញពីកាប៊ីនរថយន្តទាំងស្រវឹងមកអង្គុយស្ងៀម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកចំណុចកើតហេតុបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងកង់បីឥណ្ឌាទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner