បុរសម្នាក់ សង្ស័យថាឡើងលួចកាត់ខ្សែភ្លើង ត្រូវខ្សែភ្លើងឆក់ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់ សង្ស័យថាជាក្រុមចោរ បានឡើងលួចកាត់ខ្សែភ្លើងនៅលើបង្គោលភ្លើង ជិតកាប៊ីនភ្លើងឆក់ដាច់ផ្ងារខ្លោចពេញខ្លួន ដេកស្តូកស្តឹង បណ្តាលឱ្យរងបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ បង្កឱ្យមានការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សឡា នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានបុរស២នាក់ បានដើរមកពីម្តុំបុរីសឡា លុះមកដល់ចំណុចកើតហេតុខាងលើ ជនដែលបានឆក់ខ្សែភ្លើងនេះ បានឡើងលើបង្គោលភ្លើងអង្គុយលើកាប៊ីនភ្លើង ក៏សម្រាប់តែយកកន្ត្រៃមកកាត់ខ្សែភ្លើង ទម្លាក់ចុះមកក្រោម រីឯបុរសម្នាក់ទៀត បានឈរនៅខាងក្រោម ក៏ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានសម្លេងលាន់ឮផ្ទុះ លើកាប៊ីនភ្លើង បណ្តាលឱ្យបុរសម្នាក់ ដែលកំពុងតែនៅខាងលើ ឆក់ដាច់ផ្ងារដេកស្តូកស្តឹង នៅលើកាប៊ីនភ្លើង រួចហើយបុរសម្នាក់ទៀត ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ដោយឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋ ដែលបានឃើញថា មានមនុស្ស ត្រូវបានខ្សែភ្លើងឆក់លើកាប៊ីនភ្លើង ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ខណ:ដែលមានប្រជាពលរដ្ឋ និងអ្នកដំណើរចោមរោមមើលយ៉ាងច្រើន។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញខាងផ្នែកអគ្គិសនី បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីបិទភ្លើងជាបណ្តោះអាសន្ន និងដាក់ជណ្តើរឡើងទៅខាងលើ ដើម្បីធ្វើការជួយសង្គ្រោះបុរសខាងលើនេះ រួចយកខ្សែចងសម្រូតចុះមកខាងក្រោម និងបញ្ជូនដឹកតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមះផងដែរ៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner