មនុស្សយ៉ាងហោចណាស់ចំនួន ១៦៤នាក់ ស្លាប់ក្នុងការបង្ក្រាបលើការតវ៉ានៅកាហ្សាក់ស្ថាន

មនុស្ស​យ៉ាង​ហោច​ណាស់ ​១៦៤ ​នាក់​ ស្លាប់​ក្នុង​បាតុកម្ម​តវ៉ា​ដោយ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ជុំ​វិញ​ការ​ឡើង​តម្លៃ​ប្រេងសាំង​ទ្វេ​ដង។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​​ដែល​ស្រង់​សម្ដី​មន្រ្តី​សុខាភិបាល​របស់​ប្រទេស​។​ ​

 ​ក្រសួង​​មហា​ផ្ទៃ​​កាហ្សាក់ស្ថាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មនុស្ស​ជិត​ ៨ ០០០ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ រួម​ទាំង​ជន​បរទេស​មួយ​ចំនួន​ធំ​ផង​ដែរ​ ​ក្រោយ​បាតុកម្ម​ដែល​ចាប់​ផ្ដើម​កាល​ពី​ដើម​សប្ដាហ៍​មុន​ប្រែ​ក្លាយ​ជា​កុប្បកម្ម​ ហើយ​រីក​រាល​ដាល​ពេញ​ប្រទេស​ ដោយ​ក្រុម​អ្នក​តវ៉ា​​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ និង​អតីត​ប្រធានាធិបតី​លោក​ Nursultan Nazarbayev ​ដែល​​លា​លែង​នៅ​ឆ្នាំ ​២០១៩ ​ប៉ុន្តែ​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើរ​ដ្ឋាភិបាល​។​

កាល​​ពី​​សប្តាហ៍​​មុន​ ​​រុស្ស៊ី​​បាន​បញ្ជូន​យោធា​របស់​ខ្លួន​មក​កាហ្សាក់ស្ថាន​​ ​ដើម្បី​​ជួយ​​ស្តារ​​សណ្តាប់​​ធ្នាប់​។​ សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​​បន្ថែម​ថា​ ស្ថានការណ៍​មាន​ស្ថិរភាព​ ដោយ​កង​ទ័ព​កំពុង​បន្ត​ប្រតិបត្តិការ​ «​បោស​សម្អាត​»​ និង​យាម​កាម​កន្លែង​យុទ្ធ​សាស្ត្រ​។​

​អ្នក​ស្លាប់​ភាគ​ច្រើន​ប្រហែល​ ១០៣ ​នាក់ ​នៅ​ក្រុង​ Almaty ​ដែល​​ជា​​ក្រុង​​ធំ​​​បំផុត​​របស់​​ប្រទេស​​​។​​  កង​កម្លាំង​សន្តិសុខ​​និយាយ​ថា​ ខ្លួន​សម្លាប់​អ្នក​បះបោរ​នៅ​ក្នុង​ទីក្រុង​ Almaty ​ខណៈពេ​ល​ដែល​ព្យាយាម​ស្តារ​សណ្តាប់​ធ្នាប់​ ហើយ​ថា​ក្រុម​អ្នក​តវ៉ា​​ព្យាយាម​ដណ្តើម​យក​ប៉ុស្តិ៍​ប៉ូលីស​នៅ​ក្នុង​ទីក្រុង​។​

រថយន្ត​ប្រហែល​ ៤០០ ​គ្រឿង ​ដែល​ភាគ​ច្រើន​ជា​រថយន្ត​ប៉ូលីស​ ក៏​ដូច​ជា​មជ្ឈ​មណ្ឌល​ផ្សារ​ទំនើប​ និង​ធនាគារ​ជាង​ ១០០   ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​អំពើ​ហិង្សា​​។ ​អ្នក​ជាប់​ឃុំ​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​លើ​មន្ត្រី​រដ្ឋាភិបាល​ អំពើ​ទុច្ចរិត​ ឃាតកម្ម​ និង​ចោរកម្ម​។​

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner