រដ្ឋាភិបាលស្រីលង្កា ស្នើសុំឱ្យចិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈប្រទេសជួបវិបត្តិ

កាល​ពី​ថ្ងៃ អាទិត្យ​ ទី​៩ មករា​ប្រធានាធិបតី​ស្រីលង្កា​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​ចិន​ធ្វើ​ការ​​រៀប​ចំ​រចនាសម្ព័ន្ធ​បំណុល​របស់​ខ្លួន​ឡើង​វិញ និង​ផ្ដល់​ឥណទាន​អនុគ្រោះ​សម្រាប់​ការ​នាំ​ចូល​ផលិតផល​សំខាន់​ៗ​ ខណៈ​ពេល​ដែល​ប្រទេស​ជា​កោះ​នេះ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​របស់​ខ្លួន​។

បើ​តាម​សេចក្ដីថ្លែង​ការ​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​ហ្គោតាបាយ៉ា រាជប៉ាកសា​ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី​ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ស្រីលង្កា​ ថា​វា​គឺ​ជា​ការ​ «ការ​ជួយ​បន្ធូរ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​នេះ​ ប្រសិន​បើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ការ​សង​បំណុល​ឡើង​វិញ ដែល​ជា​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​កើត​ឡើង​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩​»​។

សេចក្ដីថ្លែង​ការណ៍​ដដែល​នេះ​ក៏​បាន​លើកឡើង​ថា​លោក​រាជប៉ាកសា​ក៏​បាន​សួរ​លោក​វ៉ាង​អំពី​ឥណទាន​សម្រាប់​ជួយ​សម្របសម្រួល​ការ​នាំ​ចូល​ដើម្បី​អនុញ្ញាត​ឱ្យ​រោងចក្រ​បន្ត​ដំណើរ​ការ​ដោយ​មិន​មាន​ការ​រអាក់រអួល​។

ប្រទេស​ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​ប្រទេស​ស្រីលង្កា​ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាង យី​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​របស់​លោក​រាជប៉ាកសា​អាច​ដួល​រលំ​ដោយ​សារ​ការ​ក្ស័យ​ធន​មិន​អាច​សង​បំណុល​។

សេដ្ឋកិច្ច ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ទេសចរណ៍ របស់​កោះ​នេះ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩​ ខណៈ​ពេល​ដែល​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា​គឺ​ជិត​អស់​ទៅ​ហើយ​ ធ្វើ​ឱ្យ​មាន​កង្វះ​ម្ហូប​អាហារ​ និង​ផលិតផល​ចាំ​បាច់​ដែល​ត្រូវ​នាំ​ចូល​ពី​បរទេស​។

កាល​ពី​សប្ដាហ៍​មុន​មូលនិធិ​រូបិយប័ណ្ណ​បម្រុង​របស់​ស្រីលង្កា​បាន​ធ្លាក់​ដល់​ ១,៥ ពាន់​លាន​ដុល្លារ ដែល​មិន​គ្រប់​សម្រាប់​ទ្រទ្រង់​ការ​នាំ​ចូល​សម្រាប់​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​។ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន អាជ្ញាធរ​អគ្គិសនី​ប្រទេស​នេះ​បាន​ដាក់​កម្រិត​លើ​ការ​ប្រើប្រាស់​ បន្ទាប់​ពី​ខ្លួន​មាន​កង្វះ​រូបិយប័ណ្ណ​បរទេស​ដើម្បី​នាំ​ចូល​ប្រេង​ពី​បរទេស​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ សម្រាប់​ឆ្នាំ​ ២០២២ ស្រីលង្កា​មាន​កាតព្វកិច្ច​សង​បំណុល​បរទេស​រហូត​ទៅ​ដល់​ ៧ ពាន់​លាន​ដុល្លារ​ ដែល​រួម​មាន​ការ​សង​ដើម​មូលបត្រ​បំណុល​ជាង​ ៥០០ លាន​ដុល្លារ​នៅ​ខែ​មករា និង​ជាង​ ១ ពាន់​លាន​ដុល្លារ​នៅ​ខែ​កក្កដា​។

រដ្ឋាភិបាល​ស្រីលង្កា​បាន​ខ្ចី​បំណុល​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន​ ដើម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ធំ​ៗ​ មួយ​ចំនួន ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយ​ថា​រដ្ឋាភិបាល​បាន​ធ្វេសប្រហែស​ក្នុង​ការ​ចំណាយ​ប្រាក់​ទាំង​នេះ​ទៅ​លើ​គម្រោង​មិន​ចាំ​បាច់​​ ដែល​មិន​បាន​ជួយ​បង្កើន​ចំណូល​របស់​រដ្ឋាភិបាល​។ កាល​ពី​ឆ្នាំ ២០១៧ ដោយ​មិន​អាច​សង​បំណុល​ ១,៤ ពាន់​លាន​ ដែល​ត្រូវ​បាន​ខ្ចី​សម្រាប់​សាងសង់​កំពង់ផែ​មួយ​ រដ្ឋាភិបាល​ស្រីលង្កា​បាន​សម្រេច​ធ្វើ​ការ​សម្បទាន​កំពង់ផែ​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​។

យ៉ាង​ណា​មិញ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ បាន​ធ្វើ​ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​​ស្រីលង្កា​ជួប​ការ​ខ្វះខាត​យ៉ាង​ខ្លាំង​។ ពលរដ្ឋ​រង់​ចាំ​ជា​ជួរ​យ៉ាង​យូរ​ដើម្បី​ទិញ​ទំនិញ​សំខាន់​ៗ ដូចជា​ម្សៅ​ទឹកដោះគោ ហ្គាស និង​ប្រេងកាត​។ តម្លៃ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​ធនាគារ​កណ្ដាល​បាន​និយាយ​ថា អត្រា​អតិផរណា​បាន​កើន​ឡើង​ដល់ ១២,១% នៅ​ចុង​ខែ​ធ្នូ ​ដែល​កើន​ពី ៩,៩% ក្នុង​ខែ​វិច្ឆិកា​។ អតិផរណា​តម្លៃ​ម្ហូប​អាហារ​បាន​កើន​ឡើង​ដល់​ជាង ២២% ក្នុង​រយៈពេល​ដូចគ្នា​នេះ​៕

ប្រភព៖ AP News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner