គណៈកម្មាធិការ CAMSOC បន្តបើកកិច្ចប្រជុំពិភាក្សាស្វែងរកចំណុចខ្វះខាតយកមកដោះស្រាយ ដើម្បីសម្រេចជោគជ័យនៅពេលចាប់ផ្តើមស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ នាពេលខាងមុខ នឹងលើកយកបញ្ហាប្រឈមទាំងអស់ ដាក់លើតុដោះស្រាយ ដើម្បីពង្រឹងយន្ដការ និងប្រសិទ្ធភាពការងារឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្តមបានលើកឡើងបែបនេះ ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ។ កិច្ចប្រជុំនេះ បានផ្ដោតលើរបៀបវារៈសំខាន់ៗពីរ ទី១-ត្រួតពិនិត្យកម្មវិធី ការរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ និងទី២-ត្រួតពិនិត្យរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ ។

ឯកឧត្តមអគ្គលេខាធិការ បានបន្ដថា សម្រាប់របៀបវារៈទី១ យើងបានពិភាក្សាគ្នា អំពីកម្មវិធី ទីតាំង ខ្លឹមសារ ការរៀបចំ និងការចូលរួម ពិសេសគោលដៅសន្ដិបាត តើចង់បានអ្វី? យើងបានពិភាក្សាគ្នា និងទទួលបានធាតុចូលជាច្រើន ព្រមទាំងបានសម្រេចគ្នានូវពេលវេលារៀបចំ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ។ យើងនឹងរៀបចំការងារនេះឲ្យបានល្អ ដើម្បីរំលេចចេញនូវបញ្ញាប្រឈម និងសមិទ្ធផល ឆ្នាំ២០២១ តែអ្វីដែលសំខាន់ គឺត្រូវយកបញ្ហាប្រឈមទាំងអស់ ដាក់ក្នុងសន្និបាត ដើម្បីដោះស្រាយ និងស្នើសុំអនុសាសន៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ។

ពាក់ព័ន្ធនឹងរបៀបវារៈទី២ គឺការត្រួតពិនិត្យខ្លឹមសាររបាយការណ៍ សម្រាប់ដាក់ចូលក្នុងសន្និបាត ។ ក្នុងខ្លឹមសារនេះ គឺផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមដោយរបៀបម៉េច? តើយើងដោះស្រាយបញ្ហាប្រឈមយ៉ាងម៉េច ដើម្បីទទួលបាននូវភាពជាក់លាក់មួយថា យន្ដការដែលយើងអនុវត្តទៅមានប្រសិទ្ធភាពនៅឆ្នាំ២០២២ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ព្រោះឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការស៊ីហ្គេម ដែលយើងបានដាក់ឲ្យគណៈកម្មការជំនាញនីមួយៗ ឲ្យដើរស្របគ្នា ហើយត្រូវមើលស្ថានភាព និងផលប៉ះពាល់ បញ្ហាប្រឈម ដូចជាបញ្ហាកូវីដ-១៩ តើប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងារស៊ីហ្គេមរបស់យើង ទៅលើបច្ចេកទេស ទៅលើយន្ដការរៀបចំ និងការងារផ្សេងៗទៀត ។

ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចពិភាក្សា និងការទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន សម្រាប់ត្រៀមដាក់ចូលក្នុងសន្និបាត ដើម្បីថ្នាក់ដឹកនាំផ្ដល់ការណែនាំ និងជាអនុសាសន៍ ក្នុងការដោះស្រាយ និងជំរុញការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ នេះគឺជាអ្វីដែលគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាគណៈកម្មការជំនាញនីមួយៗ កំពុងរួបរួមគ្នា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ នៅកម្ពុជា ៕

ប្រភពរូបភាព ៖ Cambodia 2023

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner