មណ្ឌលហែលទឹកបាត់ដំបងសមិទ្ធទី៤ក្នុងអាណត្តិដឹកនាំ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

មណ្ឌលហែលទឹកបាត់ដំបងដែលមានទីតាំងស្ថិតនៅក្នុងសកលវិទ្យាល័យជាតិបាត់ដំបង ដែលជាអំណោយសប្បុរសជននិងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រសៀលថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១។


លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថា មណ្ឌលហែលទឹកកម្រិតស្តង់ដាដែលមានទីតាំងក្នុងសកលវិទ្យាល័យជាតិបាត់ដំបងដែលដាក់សម្ភោធនាពេលនេះ ការសាងសងចំណាយអស់តម្លៃជិត២លានដុល្លារអាមេរិក ជាសមិទ្ធផលទី៤ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ មណ្ឌលហែលទឹកនេះបានសាងសងឡើងក្នុងគោលបំណងផលិតធនធានកីឡាករកីឡាការិនី និងគ្រូបង្វឹកតាមបណ្តាខេត្តឲ្យកាន់តែមានច្រើន ដើម្បីចូលរួមប្រជែងដណ្តើមជ័យលាភីជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនានា។
លោក បញ្ជាក់ទៀតថា មណ្ឌលហែលទឹកនេះ ជាអាងហែលទឹកមានកម្រិតស្តងដាអន្តរជាតិអាចបំរើសម្រាប់ការហ្វឹកហាត់របស់កីឡាករកីឡាការិនី និងការប្រកួតថ្នាក់ជាតិនានា ពិសេស នៅមណ្ឌលហែលទឹកនេះមានបរិស្ថានខ្យល់អាកាសល្អអាចយកជាកន្លែងបោះជំរុំហ្វឹកហាត់សម្រាប់បណ្តាប្រទេសផ្សេងៗមុននឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា មណ្ឌលហែកទឹកសាងសង់ឡើងក្នុងបំណងលើកស្ទួយ និង អភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជា ពិសេស កីឡាហែលទឹកខេត្តបាត់ដំបង ឈានទៅការប្រកួត ដណ្តើមមេដាយលើឆាកអន្តរជាតិ និងក្នុងការប្រកួតកីឡាអាស៊ីអគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជា ស្តារកេរ្តិ៍ឈ្មោះវិស័យកីឡាហែលទឹកកម្ពុជាដែល ធ្លាប់មានភាពរុងរឿងក្នុងសម័យសង្គមរាស្ត្រនិយម ពីការបំផ្លិចបំផ្លាញដល់ឫសគល់នៃរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ។ វត្តមានមណ្ឌលហែលទឹកនេះពិតជាមានសារៈសំខាន់ ដល់ការពង្រឹងវិស័យកីឡាហែលទឹកនៅកម្ពុជា និង ខេត្តបាត់ដំបង ក៏ដូចជាផ្តល់ឱកាសឱ្យសិស្ស-និស្សិត ក្នុងខេត្តបាត់ដំបងទាំងមូល ចាប់ផ្តើមហ្វឹក ហាត់ រៀនហែលទឹកដោយមានសហព័ន្ធខ្មែរកីឡាហែលទឹក ជួយហ្វឹកហាត់តាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២។


សម្ដេចក្រឡាហោម បានរម្លឹកថាប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងផងដែរកាលពីអតីតកាលដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជាដែរ។ សម្ដេចក្រឡាហោម បានបន្ថែមថាមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺស្ថិតក្នុងចំណោមអាងហែលទឹកថ្មីៗដែលបានសាងសង់ បន្ទាប់ពីមណ្ឌលហែលទឹកកំពង់ចាម និងនៅស្រុកកោះធំខេត្តកណ្ដាល ហើយថាសម្រាប់មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីសប្បុរសជន។ សម្ដេចឧបនាយករដ្ឋមន្ត្រីបានរម្លឹកដល់ទិវាជាតិ៧មករាដែលជាកាលបរិច្ឆេទប្រវត្តិសាស្ត្រនៃការផ្ដួលរំលំរបបខ្មែរ រហូតរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយឈានដល់ការអភិវឌ្ឍជាតិពីស្ថានភាពនៃប្រទេសដែលគ្មានសេសសល់អ្វីសោះរហូតរីកចំរើនដូចសព្វថ្ងៃនេះ។ សម្ដេចបានបន្ថែមថាដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំ២០២២នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ាន និងនៅឆ្នាំ២០២៣កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថាស៊ីហ្គេម ដែលមានប្រភេទកីឡាត្រូវប្រកួតច្រើន ហើយសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យខិតខំអភិវឌ្ឍន៍វិស័យកីឡាជាតិបន្ថែមទៀត៕ អត្ថបទ៖ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner