ជំនួបរដ្ឋមន្ត្រីការបរទេសកម្ពុជា-អនុរដ្ឋមន្រ្តីការបរទេសអង់គ្លេសផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងអនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស គឺភាគីទាំងពីរបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស។ល។ ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងកិច្ចសហការទ្វេភាគីរវាងកម្ពុជា-អង់គ្លេសផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ អាម៉ានដា មៀលលីង(Amanda Milling) អនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស នៅទីស្តីការក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ដើម្បីពង្រឹងកិច្ចសហការទ្វេភាគីកម្ពុជា-អង់គ្លេស។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍លោកជំទាវ អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ដែលបានមកប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ដោយផ្អែកលើកិច្ចពិភាក្សាទ្វេភាគីយ៉ាងផុសផុលកម្ពុជា និងចក្រភពអង់គ្លេស មានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នាច្រើនសម្រាប់ការអភិវឌ្ឍ។ យើងបានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចាប់យកឱកាសដើម្បីការស្តារឡើងវិញឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ។ល។

ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លាចំពោះកម្ពុជាតាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។ អាស៊ានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនភាពជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មីទី១១ របស់អាស៊ានកាលពីឆ្នាំមុន។

សូមជម្រាបថា លោកជំទាវ Amanda Milling អនុរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូងរបស់លោកជំទាវ ចាប់តាំងពីចក្រភពអង់គ្លេស ក្លាយជាដៃគូសន្ទនាអាស៊ាន។ លោកជំទាវក៏បានជួបជាមួយដៃគូកម្ពុជាជាច្រើន ក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនា៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner