១០ឆ្នាំ គីម ជុងអ៊ុន ចង់បង្កើតមនោគមវិជ្ជាផ្ទាល់ខ្លួន អ្នកជំនាញថា កូរ៉េខាងជើងនឹងមិនមានការផ្លាស់ប្ដូរជាដុំកំភួនទេ

លោក គីម ជុងអ៊ុន ឡើង​កាន់​តំណែង​បាន​ ១០ឆ្នាំ​ហើយ ក្រោយ​ពេល​ដែល​ឪពុក​របស់​លោក​គឺ លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​ដោយ​ជំងឺ​បេះដូង​កាល​ពី​ឆ្នាំ២០១១។ ជាង​ ១០ឆ្នាំ​មក​នេះ កូរ៉េ​ខាង​ជើង​បាន​ជួប​នូវ​ព្រឹត្តិការណ៍​ជា​ច្រើន​ទាំង​នៅ​ក្នុង​ស្រុក និង​ទំនាក់ទំនង​កិច្ចការ​បរទេស។ ចំណោម​ព្រឹត្តិការណ៍​ដែល​គេ​ដឹង​ឮ​ជាង​គេ​គឺ ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

មតិ​មហាជន​អន្តរជាតិ​ជា​ច្រើន​ហាក់​មិន​សូវ​ដឹង​ច្រើន​ឡើយ​អំពី​គោលនយោបាយ​ក្នុង​ស្រុក​កូរ៉េ​ខាង​ជើង។ នេះ​ក៏​ព្រោះ​តែ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ហាក់​ដូច​ជា​បិទ​ជិត​ពី​ពិភពលោក ស្រប​ពេល​ដែល​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង ចុះ​ផ្សាយ​តែ​ពី​ពាក្យ​សរសើរ​យ៉ាង​លើសលប់​ចំពោះ​ លោក គីម ជុងអ៊ុន។

យ៉ាងណាមិញ បើ​តាម​ប្រភព​ពី​ចារកម្ម​កូរ៉េ​ខាង​ត្បូង ក៏​ដូច​ជា​ការ​វិភាគ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណបក្ស​ពលករ​កូរ៉េ ក៏​ដូចជា​សុន្ទរកថា របស់​លោក គីម ជុងអ៊ុន មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា មេដឹកនាំ​ជាន់​ខ្ពស់​របស់​កូរ៉េ​ខាង​ជើង​រូប​នេះ កំពុង​តែ​បង្កើត​មនោគមវិជ្ជា​ផ្ទាល់​ខ្លួន ដែល​អាច​ជា​ការ​ដើរ​ចេញ​ពី​ស្រមោល​របស់​ឪពុក​ និង​ជីតា​របស់​លោក។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ចារកម្ម​កូរ៉េ​ខាង​ត្បូង​បាន​ទម្លាយ​ប្រាប់​សភា​កូរ៉េ​ខាង​ត្បូង​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​តែ​អភិវឌ្ឍ​នូវ​មនោគមវិជ្ជា​មួយ​ ដែល​ហៅ​ថា «គីម​ជុង​អ៊ុន​និយម»។ អំឡុង​ពេល​នោះ​ដែរ ចារកម្ម​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា កូរ៉េ​ខាង​ជើង​ហាក់​បី​ដូច​ជា​មិន​សូវ​ធ្វើ​ការ​ឃោសនា​ផុលផុស​អំពី​លោក គីម អ៊ីលស៊ុង ដែល​ជា​ជីតា​របស់​លោក និង​ជា​មេដឹកនាំ​ទី​មួយ និង​លោក គីម ជុងអ៊ីល ដែល​ជា​ឪពុក​របស់​លោក​ គីម ជុងអ៊ុន។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ទាំង​ពីរ​រូប ដែល​ដឹកនាំ​មុន​លោក​ គីម ជុងអ៊ុន ក៏​ធ្លាប់​មាន​មនោគមវិជ្ជា​ផ្ទាល់​ខ្លួន​ផង​ដែរ។

ជាក់ស្ដែង​សម្រាប់​លោក គីម អ៊ីលស៊ុង ដែល​ដឹកនាំ​ប្រទេស​កុម្មុយនិស្ត​នេះ​ចាប់​តាំង​ពី​​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ រហូត​ដល់​មរណភាព​របស់​លោក​នៅ​ឆ្នាំ១៩៩៤ កូរ៉េ​ខាង​ជើង​ស្ថិត​ក្រោម​គោលការណ៍​មគ្គុទ្ទេសក៍ Juche។ គោលការណ៍​នេះ​គឺ​ផ្ដោត​លើ​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទាំង​ស្រុង ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​មនោគមវិជ្ជា ក៏​ដូច​ជា​មាន​អានុភាព​យោធា​ដ៏​រឹង​មាំ​។ គោលការណ៍​នេះ​ហើយ​ធ្វើ​ឱ្យ​កូរ៉េ​ខាង​ជើង​ប្រកាន់​យក​នូវ​ភាព​ឯកា​និយម​ចេញ​ពី​ពិភពលោក។

ចំណែក​ឯ​លោក លោក គីម ជុងអ៊ីល ដែល​ដឹកនាំ​ប្រទេស​ពី​ឆ្នាំ១៩៩៤ រហូត​ដល់​ឆ្នាំ២០១១ បាន​ប្រកាន់​យក​នូវ​គោលការណ៍ Songun ដែល​ជា​ការ​បន្ត​ពី​ឪពុក​របស់​លោក​ដែរ តែ​ប្រកាន់​ខ្ជាប់​យ៉ាង​មុត​មាំ​នូវ​គោលនយោបាយ «យោធា​ជា​ចម្បង» ដែល​បាន​សេចក្ដី​ថា យោធា​ជា​អាទិភាព​សម្រាប់​នយោបាយ និង​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង។

សម្រាប់​ «គីមជុងអ៊ុន​និយម» វិញ នៅ​មិន​ទាន់​មាន​លេច​ចេញ​រូបរាង​ច្បាស់​លាស់​នៅ​ឡើយ ដោយ​មិន​ទាន់​មាន​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ណា​មួយ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនាង Soo Kim អ្នក​វិភាគ​គោលនយោបាយ​នៃ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​មូលដ្ឋាន​អាមេរិក RAND Corporation បាន​លើកឡើង​ថា​ មនោគមវិជ្ជា​បែប​នេះ​អាច​ជា​សញ្ញា​នៃ​ការ​ពង្រឹង​អំណាច​របស់​លោក គីម ជុងអ៊ុន។ នេះ​បើ​តាម​ការ​ប្រាប់​របស់​អ្នកនាង​ទៅ​កាន់​សារព័ត៌មាន​នីកេ។

ចំណែក​ឯ​លោក Lee Kwang-baek ប្រធាន​នៃ​អង្គការ​សារព័ត៌មាន Daily NK ដែល​ជា​សារព័ត៌មាន​ស្រង់​យក​ពី​ប្រភព​ខាង​ក្នុង​កូរ៉េ​ខាង​ជើង​ បាន​ប្រាប់​សារព័ត៌មាន​នីកេ​ថា លោក​នៅ​មិន​ទាន់​ឮ​អំពី​ «គីមជុងអ៊ុន​និយម​» នោះ​ទេ។ យ៉ាងណាមិញ លោក​បាន​កត់​សម្គាល់​ថា នៅ​កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​ប្រើប្រាស់​ពាក្យ «ទស្សនវិជ្ជា​បដិវត្តន៍​របស់​គីម ជុងអ៊ុន» សម្រាប់​ការ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ក្នុង​ស្រុក ក៏​ដូច​ជា​កម្មវិធីសិក្សា​នានា​។

លោក​បាន​បន្ថែម​ទស្សនវិជ្ជា​នេះ មាន​ជាប់​ទាក់ទិន​នឹង​គោលការណ៍ «ប្រជាជន​ចម្បង» ដែល​ជា​គោលការណ៍​ថ្មី​ជំនួស​នឹង​គោលការណ៍ Sogun របស់​លោក គីម អ៊ីលស៊ុង សម្រាប់​ជា «គោលការណ៍​មគ្គុទ្ទេសក៍​តម្រង់​ប្រព័ន្ធ​សង្គមនិយម​របស់​ប្រទេស» នៅ​ក្នុង​សមាជ​គណបក្ស​លើក​ទី៨ ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ខែ​មករា ឆ្នាំ២០២១។

គោលការណ៍​ «ប្រជាជន​ចម្បង​» មាន​ន័យ​ថា​ជា មនោគមវិជ្ជា​នយោបាយ​ក្នុង​ការ​តម្កល់​ប្រយោជន៍​ជា​ធំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អត្ថបទ​មួយ​ក្នុង​កាសែត​ជាតិ​កូរ៉េ​ខាង​ជើង Rodong Sinmun។ កាសែត​នេះ​បាន​បន្ត​ថា គោលការណ៍​នេះ​កើត​ចេញ​ពី​ទស្សនវិស័យ​ទៅ​លើ​ប្រជាជន​របស់​លោក គីម អ៊ីលស៊ុង និង​លោក​ គីម ជុងអ៊ីល។

មិន​ថា​ក្រោម​ឈ្មោះ «គីមជុងអ៊ុន​និយម» ក្ដី ឬ ក្រោម​ឈ្មោះ​ «ទស្សនវិជ្ជា​បដិវត្តន៍​គីម ជុងអ៊ុន» និង​គោលការណ៍ «ប្រជាជន​ចម្បង​» ក្ដី អ្នក​វិភាគ និង​អ្នក​តាមដាន​នានា​យល់​ឃើញ​ថា មនោគមវិជ្ជា​ថ្មី​របស់​លោក គីម ជុងអ៊ុន នឹង​មិន​ខុស​ប្លែក​ពី​មេដឹកនាំ​មុនៗ​ឡើយ។

លោក Jung Kim សាស្ត្រាចារ្យ​ជំនួយ​នៃ​សាកលវិទ្យាល័យ​សិក្សា​កូរ៉េ​ខាង​ជើង ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​សេអ៊ូល បាន​លើកឡើង​ថា៖ «ស្រប​ពេល​ដែល គីម ជុងអ៊ុន មិន​ទាន់​ក្លាយ​ជា​ តេង ស៊ាវភីង នៃ​កូរ៉េ​ខាង​ជើង មើល​ទៅ​លោក​ប្រហែល​ជា​មិន​បង្កើត​ការ​ផ្លាស់​ប្ដូរ​ជា​ដុំកំភួន​ណា​មួយ​នៅ​ក្នុង​គោលនយោបាយ​ក្នុង​ស្រុក និង​ការបរទេស នៅ​ពេល​អនាគត​នោះ​ទេ»។

លោក តេង ស៊ាវភីង ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ បុរស​​រដ្ឋ​របស់​ចិន និង​អ្នក​ជា​បើក​ចំហ​ព្រំដែន​របស់​ចិន​ក្នុង​ការ​ទំនាក់ទំនង​ជំនួញ​​ជាមួយ​ពិភព​ខាង​ក្រៅ៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner