លោកពូទីន៖ រុស្សីនឹងបន្តពង្រាយទាហាននៅកាហ្សាក់ស្ថានរហូតដល់ពេលបញ្ចប់ការងារ
កាលពីថ្ងៃចន្ទ ទី១០នេះ ប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀរ ពូទីនលើកឡើងថាភាពចលាចលថ្មីៗនេះនៅប្រទេសកាហ្សាក់ស្ថានគឺបង្កដោយ «កម្លាំងបំផ្លិចបំផ្លាញពីខាងក្នុង និងខាងក្រៅ» ហើយទាហាន ២០០០ នាក់របស់ប្រទេសលោក នឹងចាកចេញនៅពេលដែលបេសកកម្មរក្សាសន្តិភាពរបស់ពួកគេត្រូវបានបញ្ចប់។
ក្នុងកិច្ចប្រជុំអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាសម្ព័ន្ធភាពយោធារវាងប្រទេសអាមេនី បេឡារូស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាហ្ស៊ីគីស្ថាន លោកពូទីនមិនបានបញ្ជាក់អំពីពេលកំណត់សម្រាប់ការដកចេញនោះទេ ដោយនិយាយថាទាហានរុស្សីនឹងបន្តវត្តមាននៅក្នុងប្រទេសកាហ្សាក់ស្ថានដរាបណាលោកប្រធានាធិបតីកាស៊ីម-ជូម៉ាត តូកាយ៉េវ «ចាត់ទុកថាវាចាំបាច់»។
លោកពូទីនបាននិយាយថាភាពចលាចលនេះមានរោគសញ្ញានៃការប៉ុនប៉ងអន្តរាគមន៍ពីបរទេសនៅក្នុងតំបន់មួយដែលរុស្សីចាត់ទុកថានៅក្នុងដែនឥទ្ធិពលរបស់ខ្លួន ហើយបានធ្វើការប្រៀបធៀបព្រឹត្តិការណ៍ថ្មីៗទៅនឹងការបាតុកម្មនៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំទៅដល់ការទម្លាក់ប្រធានាធិបតីប្រទេសនេះ ដែលគាំទ្រដោយរុស្សី នៅក្នុងឆ្នាំ ២០១៤។ លោកពូទីននិយាយថាអង្គការ CSTO នឹងមិនអនុញ្ញាតឱ្យមាន «បដិវត្តន៍ពណ៌» នោះទេ ដែលជាពាក្យដែលត្រូវបានប្រើសម្រាប់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានវាយលុកប្រទេសជាច្រើននៃអតីតសហភាពសូវៀត។
យ៉ាងហោចណាស់បាតុករ ៥៨០០ នាក់ បានត្រូវបានចាប់ខ្លួន និងច្រើនជាង ២០០០ នាក់បានរងរបួស បន្ទាប់បាតុកម្មដោយហិង្សាជាច្រើនដែលចាប់ផ្ដើមកាលពីសប្ដាហ៍មុន។ កាលពីថ្ងៃអាទិត្យក្រសួងសុខាភិបាលកាហ្សាក់ស្ថានបាននិយាយថាមនុស្ស ១៦៤ នាក់បានស្លាប់ក្នុងបាតុកម្ម ប៉ុន្តែក្រោយមកបានដកការប្រកាសនេះវិញ។
មន្ត្រីកាហ្សាក់ស្ថានបាននិយាយកាលពីថ្ងៃអាទិត្យថា សណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញ ហើយ ទាហានបរទេស «ទំនង» និងចាកចេញនៅសប្ដាហ៍បន្ទាប់។ ប៉ុន្តែរុស្សីមានប្រវត្តិសាស្ត្របញ្ជូន «កងកម្លាំងរក្សាសន្តិភាព» ដែលមិនចាកចេញ ដូចដែលពួកគេបានធ្វើនៅតំបន់ម៉ុលដូវ៉ា និងអាបខាស៊ីនៃប្រទេសហ្សកហ្ស៊ី៕


ប្រភព៖ New York Times