លោក Biden រំលឹកពីការព្រួយបារម្ភជុំវិញការវាយប្រហារផ្លូវអាកាស ជាមួយមេដឹកនាំអេត្យូពី

សេត​វិមាន​​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​​​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​​ក្នុង​ជម្លោះ​នៅតំ​បន់​ទីហ្រ្កេ​​ និង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ ក្នុង​អំឡុង​ពេល​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​​នាយក​រដ្ឋ​មន្ត្រី​អេត្យូពី​លោក​ Abiy Ahmed ​កាល​ពី​ថ្ងៃ​ចន្ទ​។​

សេតវិមាន​​​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់​ពី​មេដឹក​នាំ​ទាំង​ពីរ​​និយាយ​​​ថា​៖​ «​លោក​ប្រធានាធិបតី​ Biden ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​អរិភាព​ដែល​កំពុង​បន្ត​ រួម​ទាំង​ការ​វាយ​ប្រហារ​តាម​អាកាស​នា​ពេល​ថ្មី​ៗ​នេះ ​បន្ត​បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​ និង​រង​ទុក្ខ​»​។​

បុគ្គលិក​ជំនួយ​ពីរ​នាក់​​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​តំបន់​ទីហ្រ្កេ​សម្លាប់​មនុស្ស​ ៥៦ ​នាក់​នៅ​ក្នុង​ជំរុំ​សម្រាប់​ជន​ភៀស​ខ្លួន​ និង​ ៣០ ​នាក់​បាន​រង​របួស​ រួម​ទាំង​កុមារ​ផង​ដែរ​។​ ​​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​មនុស្ស​ធម៌​​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អង្គការ​ជំនួយ​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នៃ​ភាគ​ពាយ័ព្យ​ទីហ្រ្កេ ​ជា​កន្លែង​ដែល​ការ​វាយ​ប្រហារ​​​កើត​ឡើង​។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ Antonio Guterres ​​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ថា អង្គការ​សហ​ប្រជា​ជាតិ​ និង​ដៃគូ​របស់​ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ដើម្បី​ចល័ត​ជំនួយ​សង្គ្រោះប​ន្ទាន់​ទៅ​កាន់​តំបន់​នៃ​ជំរុំ​ជន​ភៀស​ខ្លួន​ក្នុង​ទីក្រុងទីហ្រ្កេ​ដែល​រង​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​ផ្សេង​ទៀត​កាល​ពី​សប្តាហ៍​មុន​ ដែល​​សម្លាប់​ជន​ភៀស​ខ្លួន​អេរីទ្រា​ ៣​ នាក់​។​ ​​

មនុស្ស​​រាប់​ពាន់​នាក់​​ស្លាប់​ និង​រាប់​លាន​នាក់​ត្រូវ​​ផ្លាស់​ទីលំ​នៅ​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​ទីហ្រ្កេ​នៃ​ភាគ​ខាង​ជើង​ប្រទេស​អេត្យូពី​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ ​២០២០ ​រវា​ង​កង​កម្លាំង​សហព័ន្ធ​របស់​លោក​ Abiy ​ដែល​គាំទ្រ​ដោយ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​ និង​រណសិរ្ស​រំដោះ​ប្រជាជន​ទីហ្រ្កេ​ (TPLF)​ ដែល​គ្រប់​គ្រង​តំបន់​នេះ​។​

សេតវិមាន​ក៏​បាន​និយាយ​ផង​ដែរ​ថា​ Biden ​និង​ Abiy ​បាន​ពិភាក្សា​អំពី​៖​ «​តម្រូវ​ការ​ដើម្បី​ដោះ​ស្រាយ​កង្វល់​សិទ្ធិ​មនុស្ស​របស់​ប្រជាជនអេ​ត្យូពី​ដែល​រង​ផល​ប៉ះពាល់​ទាំង​អស់​ រួម​ទាំង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ឃុំ​ឃាំង​ជន​ជាតិ​អេត្យូពី​ក្រោម​ស្ថានភាព​អាសន្ន​»​។​

លោក​​ Abiy ​​ពណ៌នាការ​សន្ទនា​របស់​លោក​ជាមួយ​លោក​ Biden ​នៅ​លើ​ធ្វីតធឺ​ថា​ «​ស្មោះត្រ​ង់​»​ ហើយ​​និយាយ​ថា​ អ្នក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹ​ងកិច្ច​សហ​ប្រតិបត្តិការ​ ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​​និយាយ​ថា​ ការ​ហៅ​ទូរស័ព្ទ​នេះ​គឺ​ដូច​ជា​អាជីវកម្ម​ និង​ផ្តោត​លើ​បញ្ហា​។​​

ក្រុម​សិទ្ធិ​មនុស្ស​ និង​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​អំពី​ការ​ឃុំ​ខ្លួន​ជា​ទ្រង់​ទ្រាយ​ធំ​លើ​ជន​ជាតិ​ភាគ​តិច​នៅ​តំបន់​ទីហ្រ្កេ​។ រដ្ឋាភិបាល​​របស់​​លោក​ Abiy ​​បដិសេធ​​​ថា​ ការ​​ឃុំ​​ខ្លួន​​ដោយ​​ចេតនា​​ជន​ជាតិ​​ភាគ​តិច​​ណា​​មួយ​​មិន​​បាន​​កើត​​ឡើង​នោះ​ទេ​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner