បក្សប្រឆាំងវ៉េណេស៊ុយអេឡាឈ្នះក្នុងរដ្ឋកំណើតរបស់អតីតប្រធានាធិបតីរបស់បក្សកាន់អំណាច
គណបក្សប្រឆាំងរបស់វ៉េណេស៊ុយអេឡាយកឈ្នះលើគណបក្សសង្គមនិយមដែលកំពុងកាន់អំណាចរបស់លោក Nicolás Maduro ក្នុងបោះឆ្នោតនៅរដ្ឋកំណើតរបស់អតីតប្រធានាធិបតីលោក Hugo Chavez ។
បេក្ខភាពប្រឆាំងលោក Sergio Garrido ឈ្នះការប្រកួតជាអភិបាលរដ្ឋនៅ Barinas យ៉ាងងាយស្រួល ដោយទទួលបាន៥៥,៤ ភាគរយនៃសម្លេងឆ្នោតកាលពីថ្ងៃអាទិត្យ ខណៈលោក Jorge Arreaza ដែលជាបេក្ខជនមកពីបក្សកាន់អំណាចទទួលបាន ៤១,៣ ភាគរយ។
រដ្ឋភាគនិរតី Barinas ជាកន្លែងដែលប្រធានាធិបតីលោក Chavez កើត និងធំធាត់ និងត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយសាច់ញាតិរបស់អតីតប្រធានាធិបតីរូបនេះរួមមានទាំងឪពុក និងបងប្អូនប្រុសពីរនាក់របស់លោក ចាប់តាំងពីជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ១៩៩៨ ។ លទ្ធផលបោះឆ្នោតថ្មីនេះមានន័យថា ជាលើកដំបូងក្នុងរយៈពេលជិត ២៥ ឆ្នាំ ដែលរដ្ឋ Barinas ដែលគេចាត់ទុកថាជាលំយោលនៃ «បដិវត្តបូលីវី» របស់លោក Chavez នឹងមានអ្នកថ្មីគ្រប់គ្រង។
លោក Phil Gunson អ្នកវិភាគព្រឹត្តិការណ៍វេណេហ្ស៊ុយអេឡានៅស្ថាប័នអន្តរជាតិសម្រាប់ការដោះស្រាយវិបត្តិ ពិពណ៌នាជ័យជំនះរបស់លោក Garrido ថាជា «ការជំរុញដល់អ្នកនៅក្នុងក្រុមប្រឆាំងដែលគាំទ្រយុទ្ធសាស្រ្តដែលរួមមានការចូលរួមការបោះឆ្នោត»។
អស់ជាច្រើនឆ្នាំកន្លងមកនេះ គណបក្សប្រឆាំងបានបែកបាក់គ្នា ដោយថាតើត្រូវចូលរួមក្នុងការបោះឆ្នោត ឬធ្វើពហិការមិនចូលរួម។ មេដឹកនាំប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិករបស់វេណេហ្ស៊ុយអេឡា លោក Juan Guaidó ប្រារព្ធ «ជ័យជម្នះជាវីរភាព» ទោះបីជាលោកតែងតែតស៊ូមតិ និងមិនចូលរួមក្នុងការបោះឆ្នោតកាលខែវិច្ឆិកាឆ្នាំ ២០២១នេះក្ដី។

ប្រភព៖ FT