តើគោលនយោបាយហ្សេរ៉ូកូវីដរបស់ចិន ដំណើរការដោយរបៀបណា?

ប្រទេស​ចិន ជាប្រទេស​ ដែល​រក​ឃើញ​​មេរោគ​កូវីដ​ដំបូង​គេ​​នៅឆ្នាំ ២០១៩ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​​ប្រទេស​ចុង​ក្រោយ ដែល​នៅតែ​ប្រ​​កាន់ខ្ជាប់នូ​វគោល​នយោបាយ​ហ្សេរ៉ូ​កូវីដ ដោយ​បាន​ដាក់​មនុស្ស​រាប់​លា​​ន​នាក់​ឱ្យ​នៅ​ដាច់​ពី​គេ ​ទោះ​​​បី​ជា​ខ្លួ​ន​រៀ​បចំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក​រ​ដូ​វ​រ​ងា​នៅ​ខែក្រោយក៏ដោយ​។

រដ្ឋាភិបាល​ចិ​ន​រា​យ​កា​រណ៍​ថា​​ តាមរយៈគោលនយោបាយ​នេះ​ រដ្ឋាភិបាល បាន​គ្រប់​គ្រង​ស្ថាន​ភាព និង​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើ​ងការ​រីក​រាល​ដាល​កូវីដឱ្យ​នៅត្រឹម​ ៣០ ករណីទូទាំង​​ប្រទេស រួមទាំងមួយ​ចំនួន​ ដែល​​​ប​ង្ក​ឡើង ដោយវ៉ារ្យ៉ង់ដែលតា​ដ៏កាច​សាហាវ​។​ យ៉ាងណា​មិញ គោល​នយោបាយ​នេះ បាន​ណែនាំ​ឱ្យ​មាន​វិធាន​ការ​តឹ​ង​រ៉ឹង ដើ​ម្បី​រក្សាការឆ្លងពីការរី​ក​រា​ល​ដាល រួមទាំងការធ្វើតេស្តទ្រង់ទ្រា​យ​ធំ​ ការចាក់សោរ និង​ការ​ដាក់​ឱ្យ​​នៅ​​ដា​ច់​ពី​គេយ៉ាង​ទូលំ​ទូលា​យ។

ដើម្បីទប់ស្កាត់កា​រ​រា​តត្បា​ត ប្រទេសចិនប្រើរូបមន្ត​ “dynamic zero” ឬ ការបិទខ្ទប់​តឹងរ៉ឹង និង​ការ​ធ្វើតេ​ស្ត​ ទ្រង់​ទ្រាយ​ធំ​​ភ្លាម​ៗ​។

ផ្ទុយ​​ពីប្រទេស​ដទៃ​​ទៀត ដែ​លការ​បិទ​ស្ទប់​​មានសភាព​ទន់ខ្សោយ​នៅឡើយ  មនុស្ស​នៅ​ក្នុ​ងប្រទេ​ស​ចិ​ន អាច​ត្រូ​វ​បា​ន​​ហាមឃាត់មិនឱ្យចាកចេញពីអគារ​រ​ប​ស់​ពួ​កគេ​ ឬ ប​ង្ខាំ​ង​នៅក្នុ​ងបន្ទប់របស់ពួកគេ ប្រសិន​បើ​ពួ​ក​គេ​ ទំនង​ ឬ ចាត់​ទុកថា​ មាន​ទំនាក់ទំនងជាមួយ​បុគ្គល​ ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​។

ទីក្រុងស៊ីអាន​ មាន​ប្រជាជន​ច្រើន​រាប់​លាន​នាក់ ត្រូវ​បានបិទ​ខ្ទប់​នៅក្នុងខែ ធ្នូ បន្ទាប់ពីរក​ឃើញ​ករណី​ឆ្លង​ចំនួន ១៥០ ករណី​ និង​បាន​បញ្ជា​ឱ្យ​ប្រជាជនចំនួន ១៣ លាន​​នាក់រស់នៅក្នុ​ងផ្ទះ​។

ឧប្បត្តិហេតុមួយទៀត  ដែល​គេ​បាន​ចាត់​វិធាន​ការ​ភ្លាម​ៗ លើ​ទីក្រុង​ ដែល​មាន​ទំហំ​​ស្រដៀងគ្នានឹង​ទីក្រុង​ខាង​លើ​គឺ​ តំបន់​ចេងចូវ ដែល​ជា​ក​ន្លែង​ ដែលអ្នកស្រុកទាំងអ​ស់​ត្រូវ បា​នធ្វើតេស្ត បន្ទាប់ពីរក​ឃើញ​ករណី​ឆ្លង​តែ​ ១១​ ករណី​ប៉ុណ្ណោះ​។

ក្នុង​ព្រឹត្តិការណ៍​​ថ្មីៗ​នេះ អាជ្ញាធរចិនបាន​បិ​ទ​ផ្សារទំនើបមួយចំនួន ​បន្ទា​ប់ពី​រ​ក​ឃើ​ញដា​ន​ មេរោគ​ឆ្ល​ង​នៅ​ក្នុ​ង​ផ្លែ​ឈើ​ ដែ​លនាំ​ចូលពីប្រទេសវៀតណាម​។​ យោងតាមរបាយកា​រ​ណ៍ យ៉ាង​ហោ​ច​ណា​ស់​ទីក្រុង​ចំនួន​ ៩ នៅ​ក្នុង​ខេ​ត្ត​ហ្សឺជាំង និងខេត្ត​ជាំងស៊ី បានរកឃើញគំរូ​មេរោ​គ​ឆ្ល​ង​នៅ​ក្នុ​ង​ផ្លែ​ស្រ​កានាគ ដែល​នាំ​ចូល​​ពី​ប្រទេស​វៀត​ណា​ម។​

ជើងហោះ​ហើរអ​ន្ត​រជាតិ ក៏​ជា​ការ​រួម​ចំណែក​នៃ​​កម្រិតមុនការរាតត្បាតរបស់ពួ​ក​គេ ហើយ​ការ​ម​ក​ដល់​របស់​អ្នក​ដំណើរ​មក​ដល់​ប្រទេស​នេះ គឺ​តម្រូវ​ឱ្យ​​ដាក់ឱ្យនៅដាច់​ ដោ​យឡែ​កពីគេជាច្រើនសប្តាហ៍។ ​ក​ម្មវិ​ធី​តា​ម​ដា​នទំនាក់ទំនង​ផ្ទាល់​ និង​ទំនាក់ទំនងជិតស្និ​ទ្ធ​ជា​ធម្មតា តម្រូវឱ្យ​មាន​ការ​ដាក់​ឱ្យ​នៅ​ដាច់​ ដោយ​ឡែក​យ៉ាង​ឆាប់​រហ័ស​ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​។

ក​រណីកូវីដ​ឆ្លង​ជា​ង ១០០ ម៉ឺន​ និង​មនុស្សតិចជាង ៥ពាន់​នាក់ប៉ុណ្ណោះ បានស្លាប់​ ​នៅ​ក្នុ​ងប្រ​ទេ​​ស​ចិ​ន ចាប់​តាំ​ង​ពី​ជំ​ងឺ​រា​ត​ត្បាត​ បាន​ចាប់​ផ្តើម​ ដែលជាប្រ​ភា​គ​នៃ​ក​រ​ណី​មួ​យ​លាន ដែលត្រូវបាន​ក​ត់ត្រា ដោយសហរដ្ឋអាមេ​រិ​ក​ក្នុ​ង​រយៈ​ពេល​មួ​យថ្ងៃ​​កាល​ពី​ដើ​ម​ខែ​នេះ​​។ បើទោះជា​មាន​ការ​ចោទ​ថា ទិន្នន័យ​ឆ្លង​ពិត​ប្រាកដ ត្រូវ​បាន​រាយ​ការណ៍​ស្ថិត​ក្នុង​កម្រិត​ទាប​កាល​ពី​ដើមឆ្នាំ ២០២០ ក៏​ដោយ ប៉ុន្តែ​ គេ​សង្កេត​ឃើញ​ប្រទេស​នេះ ចាប់​ផ្ដើម​​ត្រឡប់មក​សភាព​ធម្មតាវិញ ចាប់តាំងពីពេលនោះមក។

លោក Liang Wannian មន្ត្រីម្នាក់​នៅ​គ​ណក​ម្មា​ធិ​កា​រ​សុ​ខ​ភាព​ជា​តិ បា​នប្រា​​ប់​អ្ន​កយ​​កព័​ត៌​មាន​ កាល​ពី​ខែ មុន​ថា៖ «យើង​នៅតែមិ​ន​អា​ច​ប​ញ្ឈ​ប់ករណីក្នុងស្រុកឱ្យមិន​សល់​តែ​មួយ​ករណី​​នោះទេ ប៉ុន្តែ​យើង​មាន​ស​មត្ថភាព និងទំនុកចិត្ត​ក្នុ​ង​កា​រ​ព​ន្ល​ត់​កា​រ​ផ្ទុះ​ឡើ​ង​យ៉ាង​ឆា​ប់​រ​ហ័​ស​នៅ​ពេ​ល ដែល​ក​រ​ណី​ក្នុ​ងស្រុ​ក​ត្រូ​វ​បាន​រក​ឃើញ»។

ក្រៅ​ពី​វិធាន​តឹង​រឹង​នេះ ប្រទេស​ចិន​បាន​ប្រើ​បច្ចេក​វិទ្យា​ជំនួយ ដើម្បី​កំណត់​អត្តសញ្ញាណ​ និង​ស្ថាន​ភាព​សុខ​ភា​ពរបស់​ពួក​គេ​​។ ឧទាហរណ៍ ​អ្នក​ស្រុក ដែ​ល​មិ​នបា​​ន​ឆ្លង​កា​ត់​កា​រ​ធ្វើតេ​ស្ត​ នឹ​ងឃើ​ញ​លេ​ខ​កូ​ដសុ​ខ​ភាព​រ​ប​​​ស់​​ពួ​ក​គេប្រែ​ជា​ពណ៌​លឿងនៅក្នុងប្រព័ន្ធភ្លើងចរាចរណ៍រប​ស់​កម្មវិធី ដោយហាមពួកគេមិ​ន​ឱ្យ​ចា​ក​ចេញ​ពីទី​ក្រុ​ង​ ឬចូលទៅក្នុងទីក្រុងប៉េកាំង ​ដែ​លគ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡា​អូ​ឡាំ​ពិ​ក​រ​ដូ​វរងា​ក្នុង​រ​យៈពេ​ល​តិ​ច​ជា​ង ៤​ សប្តាហ៍។

ការ​ដែល​មាន​លេ​ខកូដសុខភាព ដែលបង្ហាញពីស្ថានភាពកូវីដ រប​ស់​មនុ​ស្ស​តា​ម​រ​យៈ​ក​ម្មវិធី ដែ​ល​ទាម​ទា​រ​ឱ្យ​មា​ន​កា​រ​ចុះ​ឈ្មោះ​ឈ្មោះ​ពិ​ត​ គឺចាំបាច់នៅក្នុងប្រទេសចិនដីគោក ហើយត្រូវតែបង្ហាញដើម្បីចូលក​ន្លែ​ង ឬធ្វើ​ដំណើរ​។

យ៉ាងណាមិញ​ ប្រសិនបើការតាមដានទំនាក់ទំ​​នង​មិ​នអាចកំណត់អត្តសញ្ញាណខ្សែសង្វាក់ចម្លង​ ​បានទេ ការធ្វើតេស្តចាំបាច់ នឹ​ងត្រូវ​ពង្រីកបន្ថែម ដើម្បីបំពេញចន្លោះនៃ​​ព័ត៌​មាន ដែល​រកមិន​ទាន់​​ឃើញ​ ដោយ​អាជ្ញាធរ​មូ​ល​ដ្ឋាន អាចបង្កើតគោលការណ៍ណែនាំ ដើម្បី​ចា​ប់ផ្តើមការធ្វើតេស្តដ៏ធំ ​អាស្រ័​យ​លើ​​និ​ន្នា​កា​រ​នៃ​កា​រផ្ទុះ​​ឡើ​ង និងស្ថានភាពហិរញ្ញវត្ថុរបស់ទី​​ក្រុង។

ទោះ​ជា​ គោល​ការណ៍​ ហ្សេរ៉ូ​កូវីដ​ មាន​ប្រសិទ្ធិភាព​យ៉ាងណាក្ដី ប៉ុន្តែ​ផល​លំបាក​នៃ​ការ​អនុវត្ត​គោល​ការណ៍​នេះ​ក៏​មាន​ដូចគ្នា ដោយ​គេ​ឃើញ​មាន​កា​រ​បិ​ទ​ទ្វា​រ​ស្ទើ​រតែឥតឈប់ឈរនៅជិ​ត​ព្រំ​ដែននៃប្រទេសមីយ៉ាន់ម៉ា ហើយអាជីវកម្ម​ត្រូវ​បានបង្ខំឱរើ​ទី​តាំង​ចេញពីតំបន់ទាំងនេះ​។​

សហគមន៍ដែលត្រូវបានបិទទ្វារបានត្អូញត្អែរអំពីកា​រ​ផ្គ​ត់ផ្គង់អាហារមិនគ្រប់គ្រាន់ ការថែទាំវេជ្ជសាស្រ្ត និងការផ្គត់ផ្គង់។ ក្នុងពេលជាមួ​យ​គ្នា​នេះ​ ច្បាប់ធ្វើដំណើរ និងការដាក់កំហិ​ត​ដ៏ធ្ងន់​ធ្ង​រ​ បានធ្វើ​ឱ្យ​ជ​ន​ចំណាក​ស្រុ​ក​ឃ្លា​ត​ឆ្ងា​យពីគ្រួសារអស់រយៈពេលជាច្រើ​ន​ខែ​។

ប្រភព៖​ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner