នគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បំបែកសំណុំរឿងជួញដូរគ្រឿងញៀនពីភ្នំពេញនាំយកលក់ចែកចាយតាមបណ្តាខេត្តឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់

ភ្នំពេញ៖
ជនសង្ស័យប្រុសស្រី០២នាក់ដែលធ្វើសកម្មភាពជួញដូរគ្រឿងញៀនតាមរយៈកំហ្មង់ទិញគ្រឿងញៀនផ្ញើតាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនពីភ្នំពេញទៅខេត្តបាត់ដំបង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញដោយបានដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះបានធ្វើឡើងរយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នៅភ្នំពេញធ្វើឡើងនៅចំណុចបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់រលួស ខណ្ឌដង្កោ និងនៅខេត្តបាត់ដំបង ធ្វើឡើងនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖ការបង្រ្កាបករណីជួញដូរគ្រឿងញៀនពីភ្នំពេញដើម្បីយកលក់ចែកវចាយនៅតាមបណ្តាខេត្តគឺកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញដឹកនាំបង្រ្កាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន អនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ស៊ិត វណ្ណៈ ក៏បានស្រាវជ្រាវស៊ើបអង្កេត និងឈានទៅដល់ការបង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនបាន០២នាក់។១,ឈ្មោះ ជា សុវណ្ណបញ្ចការ ភេទស្រី អាយុ២៩ឆ្នាំ ប្រកបមុខរបរលក់អីវ៉ាន់តាមអនឡាញ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និង២,ឈ្មោះ ម៉ម សាវី ភេទ ប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ រស់នៅចំណុចបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់រលួស ខណ្ឌដង្កោ។
លោកនាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា ៖ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនគឺមុនដំបូងកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវដឹងថាមានករណីជួញដូរគ្រឿងញៀនតាមរយៈផ្ញើគ្រឿងញៀនពីភ្នំពេញទៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត តាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនមួយ ។បន្ទាប់មកកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យជាស្រ្តីមានឈ្មោះជា សុវណ្ណបញ្ចការ នៅស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលស្រ្តីសង្ស័យកំហ្មង់ទិញនិងរងចាំទទួលយកគ្រឿង ពីជនសង្ស័យឈ្មោះ ម៉ម សាវី រស់នៅភ្នំពេញ។ ក្រោយពីបង្រ្កាបចាប់ខ្លួនស្រ្តីសង្ស័យនេះហើយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ក៏ឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ម សាវី នៅភ្នំពេញដែលជាអ្នកផ្ញើគ្រឿងញៀនទៅឱ្យស្រ្តីសង្ស័យឈ្មោះ ជា សុវណ្ណបញ្ចការ កម្លាំងសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យនិងទៅដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួននៅតាមសាខាចំណតរថយន្ត០៣កន្លែងក្នុងរាជធានីភ្នំពេញ ដែលជនសង្ស័យបម្រុងផ្ញើគ្រឿងញៀនយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តហើយបញ្ជូនមកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីយកមកអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថា៖ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើកម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនរួមមានៈ១,ក្រាមនិងម្សៅម៉ត់ពណ៌សចំនួន០៦កញ្ចប់ថង់តូចធំ ២,ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២៥០គ្រាប់ ៣,ថ្នាំគ្រាប់ពណ៌ប៉ៃតងចំនួន២០០គ្រាប់និង ៤,គ្រាប់កាំភ្លើង០៧គ្រាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner