ក្រុមអាជីវករ បានយកផ្លូវវេងស្រេង ដាក់តាំងលក់ទំនិញប្រើប្រាស់ និងម្ហូបអារហា យ៉ាងអនាធិបតេយ្យ បង្កជាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង បានសម្តែងការមិនពេញចិត្ត ចំពោះក្រុមអាជីវករមួយចំនួន ដែលបានយកផ្លូវ និងចិញ្ចើមផ្លូវវេងស្រេង ប្រកបអាជីវកម្មប្រចាំថ្ងៃ ដាក់តាំងលក់ទំនិញដូចជាបន្លែ ផ្លែឈើ ត្រី សាច់ និងសម្ភារៈប្រើប្រាស់ គ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយ យ៉ាងអនាធិបតេយ្យ ចាប់ពីថ្ងៃរសៀលរហូតដល់យប់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ និងបណ្តាលឱ្យមានជាការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចផ្សារលូប្រាំ ក្បែរភ្លើងស្តុបលូប្រាំ ជិតផ្លូវបំបែកជាបួន នៅភូមិដំណាក់ធំ និងនៅចន្លោះភូមិដំណាធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង បានរអ៊ូរទាំមិនដាច់ពីមាត់ថា ដោយសារតែក្រុមអាជីករមួយចំនួន បានយកផ្លូវវេងស្រេង ប្រើប្រាស់ជិតមួយចំហៀងផ្លូវហើយ ដើម្បីដាក់តាំងលក់ទំនិញផ្សេងៗ ជាប្រចាំថ្ងៃនៅចន្លោះចាប់ពីថ្ងៃរសៀលម៉ោង៣ជាង រហូតដល់ម៉ោង៨ជាងយប់ បង្កឱ្យនៅចំណុចតាមបណ្តោយផ្លូវវេងស្រេង នៅភូមិដំណាក់ធំ និងនៅចន្លោះភូមិដំណាធំ៣ តែងតែមានការកកស្ទះចរាចរណ៍ខ្លាំងជារៀងរាល់ថ្ងៃ ជាពិសេសនៅចន្លោះភូមិដំណាក់ធំ៣ និងក្បែរភ្លើងស្តុបលូប្រាំ ផ្លូវបំបែកជាបួន នៅមុខផ្សារលូប្រាំ និងមមាញឹកទៅដោយរថយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ មិនថារថយន្តដឹកទំនិញធំៗ រថយន្តគ្រួសារ និងអ្នកដំណើរតាមម៉ូតូ សូម្បីតែងកម្មករកម្មការរិនីរោងចក្រចេញមកពីធ្វើការ ក៏គ្មានផ្លូវដើរ គឺដើរនៅលើផ្លូវតែម្តង។

បងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលចេញមកពីធ្វើការងារនៅកន្លែងផ្សេងៗ បានធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងនេះ ក៏បានសំណូមពរឱ្យអាជ្ញាធរ ជួយធ្វើការចុះពិនិត្យតាមបណ្តោយផ្លូវនេះផង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍។ ហើយប្រជាពលរដ្ឋ ក៏បានលើកឡើងថា ក្រៅពីការដាក់តាំងលក់គ្មានសណ្តាប់ធ្នាប់ មិនមានរបៀបរៀបរយយ៉ាងអនាធិបតេយ្យបែបនេះ ក៏មានអ្នកយកម៉ូតូ ម៉ូតូសណ្តោងរឺម៉កលក់ផ្លែងឈើ និងម៉ូតូសណ្តោងរឺម៉កលក់ខៅអៅ មកចតគ្មានសណ្តាប់ធ្នាប់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យផ្លូវសម្រាប់ធ្វើដំណើរកាន់តែរួមតូចចង្អៀតបន្ថែមទៀត ពិបាកធ្វើដំណើរយ៉ាងខ្លាំង។

យោងតាមប្រជាពលរដ្ឋ បានបង្ហើបប្រាប់ឱ្យដឹងថា កន្លងមកនៅពេលព្រឹក គេតែងតែឃើញមានវត្តមានខាងកម្លាំងសណ្ដាប់ធ្នាប់ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះមកធ្វើការរៀបចំដែរ ហើយនៅពេលកម្លាំងសណ្ដាប់ធ្នាប់ទៅបាត់អស់ ក្រុមអាជីវករលក់ដូរមួយចំនួន បានរៀបចំឡើងវិញ ដាក់តាំងលក់នៅចន្លោះចាប់ពីម៉ោង៣ជាង រហូតទៅដល់ម៉ោង៨យប់ និងមានពេលខ្លះឈានរហូតទៅដល់ម៉ោង៩ជាងយប់ថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុន្នី មិនអាចទំនាក់ទំនង ដើម្បីឆ្លើយតបទៅកាន់ប្រជាពលរដ្ឋ បាននៅឡើយទេ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខណៈពេលដែលប្រជាពលរដ្ឋ ទទូចចង់ឱ្យអាជ្ញាធរមានវិធានការ ចំពោះក្រុមអាជីវករ ដែលបានយកផ្លូវវេងស្រេង ប្រើប្រាស់ដាក់តាំងលក់ទំនិញគ្រប់ប្រភេទ បង្កជាការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ៕ ដោយ៖ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner