សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ ប្រទេសជាតិ ពីរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មកដល់ព្រះរាជាណាចក្រកម្ពុជាទី២

ភ្នំពេញ៖ ក្នុងរយៈពេល ៣៧ ឆ្នាំ (១៤មករា ១៩៨៥-១៤មករា ២០២២) ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា សម្តេចតេជោ​ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា មកដល់ព្រះរាជាណាចក្រកម្ពុជាទី២ នាពេលបច្ចុប្បន្ន ដែលបង្កើតឲ្យមានសមទ្ធិផលធំៗដែលជាស្នាដៃមានលក្ខណៈជាប្រវត្តិសាស្ត្រជូនប្រទេសជាតិគួរឲ្យគោរព និងកោតសរសើរយ៉ាងក្រៃលែង ។

យើងគប្បីរំលឹកថា ក្រោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សម្តេចតេជោបានលះបង់យុវវ័យចូលរួមក្នុងជួររណសិរ្សធ្វើការតស៊ូរំដោះជាតិ ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលបង្កើតឡើងដោយបនក្បត់ជាតិលន់នល់ គាំទ្រដោយពួកចក្រពត្តិនិយម និងបន្ទាប់មកទៀត បានដឹកនាំកម្លាំងតស៊ូនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។​ ក្រោយរំដោះភ្លាមរបបថ្មីមួយដែលជារដ្ឋអំណាចរបស់ប្រជាជន ត្រូវបានបង្កើតឡើង​ ដោយមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា​ ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជា ។ នៅពេលនោះ សម្តេច ហ៊ុន សែន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងការបរទេស ។ នៅឆ្នាំ ១៩៨១ ក្រោយការបោះឆ្នោតជ្រើសតាំងរដ្ឋសភា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវបានបង្កើតឡើង ហើយពេលនោះសម្តេច ហ៊ុន សែន បានទទួលមុខតំណែងជា អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ។ នៅថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ សម្តេច ហ៊ុន សែន ត្រូវបានរដ្ឋសភា បោះឆ្នោតជាប់ជាឯកច្ឆ័ន្ទជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស​នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូតដល់ឆ្នាំ​១៩៩៣។ ក្រោយសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដំណើរការនៃការបោះឆ្នោតសកលឆ្នាំ ១៩៩៣ រហូតមកដល់ឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់ សម្តេចតេជោ ហ៊ុន សែនក៏បានបន្តតួនាទីដឹកនាំប្រទេសកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា​ ៦ អាណត្តិជាប់គ្នា។ នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាលើកទី ៤៣ អាណត្តិទី ៥ នាថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅ​ បានសម្រេចជាឯកច្ឆ័ន្ទ បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន គឺជាក្តីសង្ឃឹម ជាបង្អែកដ៏រឹងមាំរបស់ប្រជាជនកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា ។ ដោយហេតុនេះ ប្រជាជនកម្ពុជា នឹងនៅតែបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានៅឆ្នាំ ២០២៣ ខាងមុខ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៏ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ ។ ឆ្លុះបញ្ចាំងក្នុងរយៈពេល ៤៣ ឆ្នាំ កន្លងទៅ និងនៅក្នុងពេលវេលា ៣៧ ឆ្នាំដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី មានសមិទ្ធផលធំៗជាច្រើននោះគឺ ការសង្គ្រោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ​, ដឹកនាំការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីចំណុចសូន្យឲ្យឈានមកដល់ការរីកចម្រើនខ្លាំងក្លា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់, ខិតខំស្វះស្វែងរកគ្រប់វិធីរំលត់ភ្លើងសង្គ្រាម បង្កើតបានសុខសន្តិភាពក្នុងក្របខណ្ឌទូទាំងប្រទេស សាមគ្គីជាតិ ឯកភាពជាតិ ត្រូវបានពង្រឹងកាន់តែរឹងមាំ ក្រោមម្លប់របស់ព្រះមហាក្សត្រជាទីសក្ការៈ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់តែមួយ, ការពារបានខឿនឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មានចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនៅលើសកលលោក ហើយកិត្យានុភាពជាតិ កាន់តែត្រូវបានលើកកម្ពស់នៅលើឆាកអន្តរជាតិ​។

នៅឆ្នាំ ២០២២នេះ ជាឆ្នាំដែលកម្ពុជា ត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិទី ៥ ជាឆ្នាំដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានប្តូរវេន ហើយក៏ជាឆ្នាំដែលកម្ពុជា ត្រូវប្រឹងប្រែងស្ទុះចេញឲ្យផុតពីគ្រោះនៃវិបត្តិ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច-សង្គម ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលសំបូរទៅដោយបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាពខ្ពស់ មានឧត្តមគតិស្នេហាជាតិ ស្នេហាមាតុភូមិដ៏ជ្រាលជ្រៅ យើងពិតជាធ្វើឲ្យសម្រេចបានជោគជ័យនូវរាល់បណ្តាភារកិច្ចសំខាន់ៗទាំងនេះ ៕   

អត្ថបទ៖ វិទ្យុជាតិកម្ពុជា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner