ឯកឧត្តម ហ៊ុន ម៉ាណែត​៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោបានស្រោចស្រង់ជីវិតរបស់​ពលរដ្ឋកម្ពុជា​បានចំនួន​បីដងធំៗ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានរំលឹកថា​ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន ​សែន​ រួមជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា បានស្រោចស្រង់ជីវិតរបស់​ពលរដ្ឋកម្ពុជា​បានចំនួន​បីដងធំៗរួចមកហើយ រួមមាន ទីមួយ ការរំដោះប្រជាពលរដ្ឋចេញពីការសម្លាប់រង្គាលរបស់របបប៉ុល ពត។ ទីពីរ ការជួយ​ពលរដ្ឋឱ្យចាកចេញពីសង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខែ្មរ តាមរយៈការបង្កើតនូវនយោបាយឈ្នះ ឈ្នះ បញ្ចប់​​​សង្គ្រាមផ្ទៃក្នុងទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេសនិងទីបី ការយក​ឈ្នះ​លើសមរភូមិកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋជាច្រើនក្នុងរយៈពេលដ៏ខ្លី ដោយសម្តេច​តេជោ បានធ្វើការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវតាមរយៈការពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័ស​ទាន់​ពេលវេលា ទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យព្រមទាំងបន្ត​ស្រោច​​ស្រព​​វ៉ាក់សាំង​​ដូសជំរុញទីបី និងទីបួន ដើម្បីធានាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏​កាច​សាហាវនេះ។​ ទាំងនេះ​គឺជា​សមិទ្ធផល​ដែលមិនអាចកាត់ថ្លៃបាន ដែលប្រមុខដឹកនាំគណបក្សប្រជាជន និងសមាជិក សមាជិកា បាន​ខិតខំ​ប្រឹងប្រែងលើសពីការងារស្នូលរបស់ខ្លួន ក្នុង​​បុព្វហេតុការពារអាយុជីវិត​ពលរដ្ឋ ​ធានា​បាន​នូវ​ភាព​សុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ការរម្លឹកនេះ​ក្នុងពិធីប្រកាស​សមាសភាពក្រុមការងារ​យុវជន​​គណបក្សខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

ឯកឧត្តមប្រធានយុវជនថ្នាក់កណ្តាល បានគោរព និងកោតសរសើរនូវគំរូវីរភាព​របស់​យុវជន​​ជំនាន់​មុន ដែលជាគំរូ​ពោរពេញដោយភាពអំណត់ អត់ធន់ ព្យាយាម និងក្តីសង្ឃឹម ព្រមទាំងមានចក្ខុវិស័យ និងការផ្តួចផ្តើមខ្ពស់ ក្នុងការតស៊ូរំដោះជាតិ ចេញពីរបបខ្មៅងងឹតបែកបាក់​ខ្ទេចខ្ទាំ ឱ្យមកជាមានការរៀបចំ ដឹកនាំគ្រប់គ្រងលើគ្រប់វិស័យ និងមានការអភិវឌ្ឍជាតិគួរជាទីមោទនៈ ដូច្នេះ ជាយុវជនជំនាន់​ក្រោយ​ត្រូវចង់ចាំ និងអនុវត្តតាមគំរូវីរភាពដ៏ប្រពៃថ្លៃថ្លាល្អផូរផង់នៃអ្នកដឹកនាំ​ជំនាន់​មុន ដើម្បីពង្រឹង និងពង្រីកចក្ខុវិស័យក្នុងការលើកកម្ពស់នូវសមត្ថភាព ប្រកាន់ខ្ជាប់នូវគុណតម្លៃ​ជាបុគ្គល​ស្មោះត្រង់ មានគុណធម៌ សីលធម៌ និងការតស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុរបស់គណបក្ស បម្រើជាតិ និងប្រជាជន ព្រមទាំងការពារ និងថែរក្សាឱ្យបាននូវតម្លៃសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជន​។

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថា​ យុវជនបន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវមាន​ជំហ​ររឹងមាំ ក្នុងការតម្កល់ផល​ប្រយោជន៍​​ជាតិជាធំ ពង្រឹងការ​ឯកភាពផ្ទៃក្នុង ព្រមទាំងបង្កើនការយល់ដឹង ​ឱ្យបានច្បាស់លាស់នូវរបត់​នៃ​ភូមិ​សាស្ត្រ​នយោបាយក្នុង​តំបន់ និងសកលលោក ដើម្បីធានាបាន​នូវការ​ថែរក្សា ការពារសុខសន្តិភាព នៅ​លើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន៕

ដោយ:​ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner