សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន លើបញ្ហាជាច្រើន ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកនូវចំណុចមួយចំនួនក្នុងកិច្ចពិភាក្សានេះថា សម្តេចតេជោ បានស្វាគមន៍វត្តមានរបស់ឯកឧត្តមអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលបានមកទស្សនកិច្ចនៅកម្ពុជា ហើយឯកឧត្តម នឹងអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងមានជំនួបជាមួយសហគមន៍ ៣ផ្សេងទៀត ដូចជាសហគមន៍នយោបាយសន្តិសុខអាស៊ាន, សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍វប្បធម៌អាស៊ានផងដែរ នៅក្នុងប្រទេសកម្ពុជានេះ។
សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរ អំពីការងារសំខាន់ៗក៏ដូចជាការប្រឈមមួយចំនួនដែលអាស៊ានកំពុងមាននៅក្នុងឆ្នាំ២០២២នេះ ដោយសារការប្រឈមមួយចំនួនមិនធម្មតា ដូច្នេះត្រូវការខិតខំ ដើម្បីជំរុញការងារទាំងឡាយនេះ ជាពិសេស គឺការតភ្ជាប់អាស៊ាន ដោយសារការតភ្ជាប់ត្រូវបានរំខានដោយកូវីដ19 នៅក្នុងឆ្នាំ២០២១ ហើយនិងឆ្នាំ២០២២នេះ ដូច្នេះហើយកន្លងមក យើងឃើញជាក់ស្ដែងវិធានការសមាជិកអាស៊ាននីមួយៗ បានមានចំណាត់ការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ19 នេះ។
នៅក្នុងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា យើងត្រូវខិតខំធ្វើយ៉ាងណាជំរុញ រៀបចំការអនុវត្តដែលហៅថា របាំងនៃការធ្វើដំណើរនៅក្នុងអាស៊ាននេះ ដើម្បីឱ្យក្នុងក្របខណ្ឌអាស៊ាន អាចជំរុញ ជាពិសេស ប្រជាពលរដ្ឋរបស់យើង អាចធ្វើដំណើរទៅវិញទៅមកក្នុងតំបន់អាស៊ាន ក៏ដូចជាធុរកិច្ចពាណិជ្ជកម្មក្នុងអាស៊ានផងដែរ ដោយសារសំខាន់ណាស់នៅក្នុងដើមឆ្នាំនេះ គឺកិច្ចព្រមព្រៀងដៃគូគ្រប់ជ្រុងជ្រោយ អសិប ក្នុងតំបន់ ត្រូវបានចូលជាធរមាន ដូច្នេះយើងត្រូវធ្វើយ៉ាងណា ជំរុញការងារនេះបន្ថែម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរអំពីស្ថានភាពកូវិដនៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ទោះបីមានការប្រឈមដោយមេរោគកំប្លែងថ្មីអូមីក្រុង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីចំណុចក្ដី ពាក់ព័ន្ធនឹងស្ថានភាពនៅមីយ៉ាន់ម៉ា ដោយសម្ដចបានជម្រាបជូនពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ា ដែលមានគោលបំណងជាក់ស្តែង គឺជួយប្រទេសមីយ៉ាន់ម៉ា ដែលស្ថានភាពបច្ចុប្បន្នមានការលំបាកនេះ។ សម្ដេចក៏មានប្រសាសន៍ពាក់ព័ន្ធនិងគោលបំណង ៣សំខាន់ៗ អំពីទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺទី១-ធ្វើយ៉ាងណាឲ្យមានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា, ទី២-ការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ និងទី៣- គឺបើកច្រកទ្វារ នៃការធ្វើការសម្រាប់ធ្វើប្រេសិតពិសេសនៃអាស៊ាននេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីចំណុចផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីការជំរុញការងារទៅមុខទៀត ជាពិសេស គឺជំរុញនូវយន្តការក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងអាស៊ាន-Troika និងអំពីយន្តការនៃការធ្វើយ៉ាងណា ផ្ដល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា នៅក្នុងស្ថានភាពដ៏លំបាកនេះ ។ លើសពីនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីយន្តការ អាស៊ាន-Troika នេះ ដែលមានប្រធានអាស៊ានបច្ចុប្បន្ន, ប្រធានអាស៊ានឆ្នាំមុន, ប្រធានអាស៊ានដែលនឹងចូលកាន់តំណែងនៅឆ្នាំខាងមុខ, បូកនិងអគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការជាមួយគ្នា ធ្វើការយ៉ាងណាជំរុញការងារតាមដានបទឈប់បាញ់នៅប្រទេសមីយ៉ាន់ម៉ា ដែលសំខាន់ ជាពិសេស ក្នុងការវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហានៅសមុទ្រចិនខាងត្បូងផងដែរ ដោយសារឆ្នាំនេះ ជាខួបទី២០ នៃ ឌីអូស៊ី, សម្ដេចថា ទោះបីមានកូវីដក៏ដោយ គឺយើងមិនត្រូវភ្លេចពីការងារនេះទេ ដោយត្រូវតែបន្តខិតខំជំរុញ និងបង្កើនល្បឿននៃការចរចារ ព្រោះថា នេះជាការងារចាំបាច់សម្រាប់តំបន់យើង ដូច្នេះហើយឆ្នាំនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី អគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ បានឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការប្រារព្ធខួបលើកទី២០ នៃ ឌីអូស៊ី ប៉ុន្តែនៅក្នុងឱកាសនេះ សម្ដេចក៏ស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចា ស៊ីអូស៊ី ឱ្យមានវឌ្ឍនភាពទៅមុខ។
សម្ដេចបានមានប្រសាសន៍ផងដែរពាក់ព័ន្ធនឹងឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសារនៅក្នុងតំបន់យើង មានចំណុចផ្ដួចច្រើនពីបណ្ដាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េ និងចិន ដូច្នេះអ្វីដែលសំខាន់នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើយ៉ាងណាឲ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូណេស៊ី ជួយជំរុញធ្វើយ៉ាងណាក្នុងការរៀបចំផែនការសកម្មភាពក្នុងការអភិវឌ្ឍអ្វីដែលជាទស្សនៈទានរបស់អាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយកន្លងមក ថ្វីដ្បិតយើងមានចំណុចផ្ដួចផ្ដើមជាច្រើន ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនអគ្គលេខាធិការអាស៊ានថា យើងធ្វើយ៉ាងណា ឱ្យគំនិតផ្ដួចផ្ដើមពីបណ្ដាប្រទេសគាំទ្រនូវសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ដោយមិនប្រើប្រាស់ឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ក្នុងការប្រឆាំងនឹងប្រទេសណាមួយ ហើយធ្វើយ៉ាងណា ឲ្យសកម្មភាពទាំងឡាយនៅឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ គាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ាន ស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ដូច្នេះ សម្ដេច ស្នើសុំឲ្យអគ្គលេខាធិការអាស៊ាន ខិតខំជួយជំរុញធ្វើយ៉ាងម៉េចអោយបានចេញជាផែនការសកម្មភាពអនុវត្តឲ្យបានឆាប់ៗនៅក្នុងឆ្នាំ២០២២ នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីសមាជិកភាពរបស់ទីម័រឡេស្ដិ ក្នុងអាស៊ាន ដោយសម្ដេច បានបញ្ជាក់ថាយើងបានធ្វើការងារនេះ ១១ឆ្នាំហើយ ដោយប្រទេសទីម័រឡេស្ត ក៏បានរង់ចាំយូរហើយក្នុងការរង់ចាំរហូតមកដល់ពេលនេះ ដូច្នេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ជាពិសេស ធ្វើយ៉ាងណាឲ្យទីម័រឡេស្ដិ បានចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ ជាពិសេស ក្នុងការកសាងសមត្ថភាពធ្វើការវាយតម្លៃ ព្រោះកន្លងមកនេះ មានការសិក្សាវាយតម្លៃដោយសហគមន៍នយោបាយសន្តិសុខ រីឯផ្នែកសង្គមសេដ្ឋកិច្ច អាស៊ាន និងសង្គមវប្បធម៌អាស៊ាន មិនទាន់បានធ្វើ ដូច្នេះសម្តេចតេជោ បានស្នើឲ្យបង្កើនល្បឿនក្នុងការធ្វើយ៉ាងណា ជួយឲ្យទីម័រឡេស្ដិ បានចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងពីផែនការដែលកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ាន-ពិភពលោក ដែលនៅឆ្នាំ២០១២ កម្ពុជា ធ្វើជាប្រធានអាស៊ានលើកទី២ គឺយើងបានរៀបចំមួយលើក ហើយដោយសារឆ្នាំនេះ ស្ថានភាពតម្រូវការពាក់ព័ន្ធធ្វើយ៉ាងណាឱ្យខិតខំជំរុញសេដ្ឋកិច្ចអាស៊ាននេះ ឡើងវិញ ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី សុំឲ្យអគ្គលេខាធិការអាស៊ាន គាំទ្រ និងជួយដល់ការរៀបចំកិច្ចប្រជុំនេះដោយសារមានផែនការអញ្ជើញតួអង្គសំខាន់ៗរបស់ស្ថាប័នអន្តរជាតិ ដូចជាភ្នាក់ងារពិភពលោកមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសុខភាពពិភពលោកផងដែរ ជាពិសេសទៀត សម្ដេចមានប្រសាសន៍ថា យើងគួរធ្វើយ៉ាងម៉េច ពិនិត្យទៅលើប្រធានបទនៃការស្ដារសេដ្ឋកិច្ចអាស៊ានឡើងវិញ។
សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា អាស៊ាន មានការងារច្រើនណាស់ដែលត្រូវធ្វើ ជាពិសេស ក្នុងឆ្នាំ ២០២២នេះ គឺយើងមិនអាចចំណាយពេល ឬមួយគិតតែរវល់ជុំវិញបញ្ហាមីយ៉ាន់ម៉ាទេ ហើយក៏មិនត្រូវអនុញ្ញាតឱ្យមីយ៉ាន់ម៉ា យកអាស៊ានជាចំណាប់ខ្មាំងផងដែរ ដោយសារអាស៊ានមានការងារច្រើន ហើយយើងត្រូវតែគាំទ្រការងារជួយមីយ៉ាន់ម៉ា ប៉ុន្តែអាស៊ាន ក៏ត្រូវខិតខំជំរុញការងារផ្សេងៗទៀត ដែលត្រូវតែជំរុញការងារនេះ ក្នុងន័យនេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញធ្វើយ៉ាងណា ឱ្យអាស៊ាន បន្តយកចិត្តទុកដាក់ទៅលើការងារចាំបាច់មួយចំនួនផ្សេងទៀតដែលជាការងារចម្បងរបស់អាស៊ាន ជាពិសេស នៅក្នុងឆ្នាំ ២០២២នេះ ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអរគុណចំពោះអនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ានក្នុងឆ្នាំនេះ ហើយឯកឧត្តម បានគូសបញ្ជាក់ថា យើងនឹងធ្វើការជាមួយនឹងប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀត ដែលកម្ពុជា ដឹកនាំ រួមទាំងកូវីដ19 នេះផងដែរ ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា យើងនឹងអនុវត្តការនូវផែនការសកម្មភាព ជាពិសេស ច្រក ឬរបៀង នៃការធ្វើដំណើររបស់អាស៊ាននេះ ដោយឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា យើងមានគម្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាននេះ ក្នុងការធ្វើយ៉ាងណា ជំរុញការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងកូវីដ19 ជាពិសេសទៀត ក្នុងការអនុវត្តនូវរបាំងធ្វើដំណើរក្នុងតំបន់អាស៊ាន ។
ឯកឧត្តម បានគូសបញ្ជាក់ផងដែរ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ដោយយើងនឹងធ្វើការជាមួយប្រធានអាស៊ាននិងសមាជិកអាស៊ានផ្សេងៗទៀត ជាពិសេស ក្នុងការអនុវត្តកិច្ចព្រមព្រៀង អសិប ឆ្នាំនេះ ដែលចូលជាធរមានរួចហើយដើម្បីជំរុញការអភិវឌ្ឍក្នុងអាស៊ាន ដែលយើងនឹងបន្តធ្វើការជាមួយនឹងបណ្ដាប្រទេសដែលជាដៃគូរបស់អាស៊ាន ។
ឯកឧត្តម ថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានអាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តម បានគូសបញ្ជាក់ថា អគ្គលេខាធិការអាស៊ាន គាំទ្រកម្ពុជា ដែលធ្វើជាប្រធានអាស៊ាន ១០០ភាគរយផងដែរ រាល់ផែនការការងារទាំងអស់នោះ។
ពាក់ព័ន្ធនឹងខួបលើកទី២០ នៃ ឌីអូស៊ី ហើយនិងការជំរុញតាក់តែងនៃ ស៊ីអូស៊ីនេះ ដោយឯកឧត្តម បានគូសបញ្ជាក់ថាអគ្គលេខាធិការអាស៊ាន និងខិតខំជំរុញការងារនេះ ហើយជាពិសេស អាចផ្ដល់ទីតាំងអគ្គលេខាធិការដ្ឋាននេះ ក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ ស៊ីអូស៊ី ដែលជាការងារសំខាន់ ។
ពាក់ព័ន្ធនឹងចំណុចទស្សនទានអាស៊ាន ស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូនេស៊ី ដែលមានគំនិតផ្ដួចផ្ដើមធ្វើយ៉ាងណា ដើម្បីដាក់ចេញនូវផែនការសកម្មភាព ហើយឲ្យអាស៊ាន ដើរតួអង្គឈានមុខទៅលើការងារនេះ ជាពិសេស លើការងារអនុវត្តទស្សនទានអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។
ពាក់ព័ន្ធនឹងចំណុចផ្ដួចផ្ដើមរបស់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំធំនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬហៅថាកិច្ចសន្ទនាអាស៊ាន-ពិភពលោកនេះ, ឯកឧត្តមបានឆ្លើយតបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីថា នេះជាគំនិតល្អ ជាចំណុចផ្ដួចផ្ដើមដែលល្អដែលយើងគួរតែជំរុញធ្វើយ៉ាងណា ឱ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ាននេះ មានការកើនឡើង ព្រោះជាក់ស្ដែង កំណើនសេដ្ឋកិច្ចរបស់អាស៊ាននៅក្នុងឆ្នាំ២០២១ មានប្រមាណ ២,៣% ហើយការរំពឹងនៃការព្យាករណ៍សេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២នេះ នឹងអាចឡើងដល់ ៥,២% ដែលនេះជាការងារសំខាន់ណាស់ ។ ឯកឧត្តម បន្តថា ឯកឧត្តមនឹងធ្វើការងារជាមួយប្រធានអាស៊ាន ក៏ដូចជាផ្នែកវិស័យពាក់ព័ន្ធនៅក្នុងអាស៊ាននេះ ដើម្បីជំរុញការងារនេះផងដែរ។
ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាត្រេកអរ ហើយនិងអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការណែនាំ ហើយឯកឧត្តមគាំទ្រគំនិតផ្ដួចផ្ដើមទាំងអស់របស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាននេះ ១០០ភាគរយ ហើយជាពិសេសទៀត ក្នុងការជំរុញការអនុវត្តនូវចំណុចដែលឯកច្ឆន្ទទាំង ៥ចំណុចពាក់ព័ន្ធទៅនឹងសភាពការណ៍នៅមីយ៉ាន់ម៉ា ហើយឯកឧត្តមថា យន្តការដែរសម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើរបង្កើត ដែលយន្តការទាំង២នេះ គឺជាយន្តការសំខាន់ ហើយបច្ចុប្បន្ននេះ យន្តការពាក់ព័ន្ធនឹងការផ្ដល់ជំនួយមនុស្សធម៌នេះ ឯកឧត្តម ក៏បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា កន្លងមកនេះ មានការរៀបចំកិច្ចប្រជុំពីការកៀងគរជំនួយសម្រាប់ផ្ដល់មីយ៉ាន់ម៉ានេះ ដែលបានធ្វើកាលពីខែសីហា ឆ្នាំ២០២១ ដែលបានផ្ដល់ជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ ២០២១ផងដែរ ប៉ុន្តែឯកឧត្តមបានមានប្រសាសន៍ដែរថា នៅពេលខាងមុខនេះ នឹងមានការខិតខំបន្ថែមទៀតនៅក្នុងការផ្ដល់ជំនួយ ដូចអ្វីដែលសម្តេចតេជោ បានមានប្រសាសន៍ក្នុងការជំរុញការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់នេះ ។
ពាក់ព័ន្ធនឹងសំណើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បង្កើតឲ្យមានអាស៊ាន-Troika ដើម្បីតាមដានការងារបទឈប់បាញ់នៅមីយ៉ាន់ម៉ានេះ ឯកឧត្តម បានបញ្ជាក់ថា អគ្គលេខាធិការអាស៊ាន និងផ្ដល់ការគាំទ្រពេញទំហឹង ពាក់ព័ន្ធនឹងការងារនេះ ។
សមាជិកភាពរបស់ប្រទេសទីម័រឡេស្តិ ឯកឧត្តម បានថ្លែងថា រយៈពេល ១១ឆ្នាំហើយ ដែលប្រទេសទីម័រឡេស្ដិនេះ បានស្នើសុំចូលជាសមាជិកអាស៊ាន ហើយយើងកំពុងតែធ្វើការងារនេះ ដោយយើងត្រូវតែមានផែនការចង្អុលផ្លូវ ដើម្បីគាំទ្រដល់គាត់ ហើយអគ្គលេខាធិការអាស៊ាន នឹងបន្តផ្ដល់ការគាំទ្រ ជាពិសេស ការផ្ដល់នូវការបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ត្រីប្រទេសទីម័រលេស្តេនេះ ហើយឯកឧត្តម បានគូសបញ្ជាក់ថា អ្វីដែលយើងចង់ឃើញចង់បាន នូវវឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ទីម័រឡេស្ដិ ក្នុងសមាជិកអាស៊ាននេះ ដែលយើងនឹងគាំទ្រពេញទំហឹង ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមទៀតថា អគ្គលេខាធិការអាស៊ាន គួរតែរៀបចំកិច្ចប្រជុំមួយទៀត ដើម្បីកៀងគររកជំនួយផ្ដល់ដល់ប្រទេសមីយ៉ាន់ម៉ា ហើយសម្ដេចបានមានប្រសាសន៍ទៀតថាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា គឺបានឆ្លើយតបជាមួយសម្ដេចហើយថា ប្រទេសជប៉ុន ត្រៀមក្នុងការជួយដល់មីយ៉ាន់ម៉ា ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួយរៀបចំឱ្យមានកិច្ចប្រជុំ ដើម្បីកៀងគរជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា លើកទី២។ សម្ដេច មានប្រសាសន៍ផងដែរថា ចង់ឃើញបទឈប់បាញ់នៅមីយ៉ាន់ម៉ា បើមិនអញ្ចឹងទេ គឺការផ្ដល់នូវជំនួយមនុស្សធម៌ នឹងមានការលំបាក ៕ ដោយ វណ្ណលុក