យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទិកពីរគ្រាប់សារជាថ្មីទៀតចេញពីព្រលានយន្តហោះទីក្រុងព្យុងយ៉ាង

សេអ៊ូល៖ កូរ៉េខាងជើងបានបាញ់សាកល្បងនូវអ្វីដែលគេសង្ស័យថា ជាគ្រាប់មីស៊ីលបាលីស្ទិករយៈចម្ងាយជិតចំនួនពីរគ្រាប់បន្ថែមទៀត ចេញពីអាកាសយានដ្ឋានមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលវាជាការបាញ់តេស្តលើកទី ៤ ហើយនៅក្នុងខែមករា ដើមឆ្នាំ២០២២។ នេះបើតាមសេចក្តីរាយការណ៍របស់យោធាកូរ៉េខាងត្បូង។

ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏បានរាយការណ៍អំពីការបាញ់សាកល្បងនេះផងដែរ ដោយប្រធានគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានថ្កោលទោសការបាញ់បង្ហោះនេះថា ជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះសាកល្បងនៅថ្ងៃចន្ទនេះ ហាក់ដូចជាពាក់ព័ន្ធនឹងប្រភេទមីស៊ីល SRBMs ចំនួនពីរគ្រាប់ ដែលបានបាញ់ចេញពីភាគខាងកើតនៃអាកាសយានដ្ឋាន Sunan ក្នុងទីក្រុងព្យុងយ៉ាង។ កន្លងមក កូរ៉េខាងជើងបានប្រើប្រាស់អាកាសយានដ្ឋាននេះ ដើម្បីបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម Hwasong-12 (IRBM) ក្នុងឆ្នាំ ២០១៧។

សម្រាប់ការបាញ់តេស្តបីលើកមុនដោយកូរ៉េខាងជើង គឺលើកទី ១ និង ២ (មានចំនួន២គ្រាប់) សុទ្ធតែជាប្រភេទគ្រាប់មីស៊ីលអាចហោះលឿនជាងល្បឿនសំឡេង (hypersonic missile) និងលើកទី ៣ (ចំនួន ២គ្រាប់) គឺជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពី «ម៉ាស៊ីនបាញ់មីស៊ីលចល័ត» នៅលើផ្លូវរថភ្លើង ខណៈលើកទី ៤ នេះវិញ គេនៅមិនទាន់អាចដឹងអំពីប្រភេទមីស៊ីលជាក់លាក់នោះឡើយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner