បណ្តាប្រទេសនានាត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់តុងហ្គាពីការវាយប្រហារដោយរលកយក្សស៊ូណាមិ​

បរទេស៖ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាច្រើនបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ពួកគេ ដើម្បីជួយតុងហ្គាឱ្យងើបឡើងវិញពីរលកយក្សស៊ូណាមិដែលបណ្តាលមកពីការផ្ទុះដ៏កម្រនៃភ្នំភ្លើងនៅក្បែរនោះ ដែលបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងស្ទើរតែទាំងអស់រវាងប្រទេសនេះ និងពិភពលោកខាងក្រៅ។

រហូតមកទល់ពេលនេះ នៅពុំទាន់មានរបាយការណ៍ផ្លូវការអំពីមនុស្សរងរបួស ឬស្លាប់នៅក្នុងប្រទេសតុងហ្គានៅឡើយទេ ដោយសារតែបណ្តាញទំនាក់ទំនងនៅមានកម្រិតនៅឡើយ ហើយការទំនាក់ទំនងគ្នាក៏មិនត្រូវបានបង្កើតឡើងជាមួយនឹងតំបន់ឆ្នេរឆ្ងាយហួសពីរដ្ឋធានី Nuku’alofa និងខិតទៅជិតភ្នំភ្លើងនេះ។ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern  ប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យម្សិលមិញ។ ទន្ទឹមនេះ ស្ថានទូតចិនប្រចាំនៅតុងហ្គា បានឱ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗអំពីការរងរបួស ឬស្លាប់របស់ជនជាតិចិននៅតុងហ្គានោះទេ។ តុងហ្គា ជាប្រទេសដែនកោះមួយដែលមានប្រជាជនរស់នៅប្រហែល ១០ម៉ឺន៥ពាន់នាក់ ស្ថិតនៅចម្ងាយ 2,383គីឡូម៉ែត្រភាគឦសាននៃប្រទេសនូវែលសេឡង់។

បើតាមសេវាភូគព្ភសាស្ត្រតុងហ្គា ភ្នំភ្លើងក្រោមទឹកដ៏ធំមួយបានផ្ទុះឡើងនៅមុនពេលថ្ងៃលិចកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ជាមួយនឹងការផ្ទុះឡើងដល់កម្ពស់ជាង ១៩គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ ពពកផេះ និងចំហាយទឹកបានឈានដល់ចម្ងាយប្រហែល ២៤១គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍មួយដែលត្រូវបានថតដោយរូបភាពផ្កាយរណប ដែលត្រូវបានចែករំលែកដោយភ្នាក់ងារឧតុនិយមផ្សេងៗ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner