អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិជំរុញអោយអ៊ីតាលីកែប្រែវិធានការរឹតត្បិតចំពោះអ្នកប្រឆាំងនឹងបទបញ្ជាទប់ស្កាត់ជំងឺកូវីដ-១៩
រ៉ូម៖ អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ Amnesty បានជំរុញអោយប្រទេសអ៊ីតាលី កែប្រែការរឹតត្បិតចំពោះអ្នកប្រឆាំងនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីជៀសវាងការរើសអើងអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
ការអំពាវនាវរបស់អង្គការ Amnesty ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីនៅក្នុងអនុក្រឹតថ្មីមួយរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានចេញច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំងសម្រាប់មនុស្សគ្រប់គ្នា ដែលមានអាយុលើស ៥០ឆ្នាំ និងសម្រាប់ប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ព្រម ទាំងសេវាកម្មជាច្រើនទៀត ដែលបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានចាត់វិធាការស្រដៀងគ្នា ក្នុងគោលបំណងបន្ធូរបន្ថយសម្ពាធសេវាសុខាភិបាលអ៊ីតាលី ព្រមទាំងកាត់បន្ថយមរណភាពដោយ សារជំងឺកូវីដ១៩។ ស្ថិតក្រោមច្បាប់បច្ចុប្បន្នដែលបន្តរហូតដល់ថ្ងៃទី១៥ ខែមិថុនា ការពាក់ម៉ាស់និងការធ្វើតេស្តអវិជ្ជមាន គឺមិនគ្រប់គ្រាន់ដើម្បីប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ឬ ប្រជាជនអាយុលើស ៥០ឆ្នាំទៅធ្វើការបានឡើយ។
ពាក់ព័ន្ធនឹងវិធានការខាងលើនេះ អង្គការ Amnesty បានស្នើឲ្យផ្តល់វិធានការ ជម្រើសវិញ ដូចជាការពាក់ម៉ាស់ និងធ្វើតេស្តរកកូវីដ១៩ ដើម្បីអនុញ្ញាតឲ្យប្រជាជនដែលមិនចាក់វ៉ាក់សាំងបន្តទៅធ្វើការ និងប្រើប្រាស់សេវាដឹកជញ្ជូនសាធារណដោយគ្មានការរើងអើង៕ ប្រភព៖ Reuters

