ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ស្នើរអោយថ្នាក់ដឹក គ្រូរូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈមុះមុត ឈានឆ្ពោះទៅរកជោគជ័យ នៅ SEA Games ឆ្នាំ ២០២៣


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរៀបចំការប្រកួត កីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដោយតម្កល់ស្មារតីកីឡាការ៉ាតេ ឱ្យខ្ពស់ត្រដែត និងខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ។ នេះជាប្រសាសន៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងក្នុងឱកាសបិទការប្រកួតកីឡាកីឡាការ៉ាតេ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានដំណើរការអស់រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២២ នៅមណ្ឌមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការប្រទេស និងសង្គម-សេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡា ក៏បានចាប់ផ្តើមដំណើរការឡើងវិញផងដែរ ប៉ុន្តែ ជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធំចំពោះពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងនៅឡើយ។ ទោះស្ថិតក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងទៅនេះ ក៏សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានពុះពារការលំបាក និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមជម្រើសជាតិយ៉ាងសកម្ម ជាមួយគ្រូបង្វឹកបរទេសចំនួនពីររូបគឺ លោកគ្រូអ៊ីរ៉ង់ Hassan ដែលបច្ចុប្បន្នកំពុងធ្វើវិស្សមកាលនៅអ៊ីរ៉ង់ និង លោកគ្រូជប៉ុន Toyama ផ្នែកកាតា ដែលមានវត្តមាននៅទីនេះ ដោយលោកគ្រូបង្វឹកទាំងពីរ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងបានធ្វើឱ្យគុណភាពនៃកីឡាការ៉ាតរបស់ក្រុមជម្រើសជាតិ មានការរីកចម្រើនមួយកម្រិតធំ។
ជាក់ស្តែង ការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេអាស៊ី នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន កាលពីខែមុន, កីឡាករ និងកីឡាការិនីរបស់កម្ពុជាយើង បានធ្វើឱ្យការ៉ាតេអាស៊ី និងការ៉ាតេពិភពលោកមានការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង សម្រាប់កីឡាការិនី លឹម សុខវិច្ឆិកា និងកីឡាការិនី ឆន ស្រីភា បានឈ្នះមេដាយសំរឹទ្ធនៃការប្រកួត AKF Championship 2021។ ជាមួយគ្នានោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអាជ្ញាកណ្តាលកម្ពុជា៥រូប ដែលបានប្រឡងជាប់ជាអាជ្ញាកណ្ដាលកម្រិត A និង B ថ្នាក់អាស៊ី ព្រមទាំង លោកគ្រូ ហេង ផេង និង លោកគ្រូ ដែក ភារៈ បានជាប់ជាគ្រូដឹកនាំថ្នាក់អាស៊ី “AKF” ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ចាក់ទៀតថា «ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ខ្ញុំសូមស្នើសុំថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា និងបង្កើនភាពស្និទ្ធស្នាល ក្នុងការជំរុញប្រភេទកីឡាការ៉ាតេកម្ពុជា ឲ្យកាន់តែខ្លាំងក្លា ប្រកបដោយឆន្ទៈមុះមុតបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅរកជោគជ័យពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ»។
ដើម្បីពង្រឹងសក្តានុពលកីឡាការ៉ាតេបន្ថែមទៀត លើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡា SEA Games ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍សំខាន់ៗដូចជា៖

១-បន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការផ្ទៃក្នុងគ្រួសារការ៉ាតេ ឲ្យបានកាន់តែជិតស្និទ្ធ និងរឹងមាំ ។ ២-បន្តគោរពដល់ឧត្តមការ៉ាតេចារ្យ ក៏ដូចជាគ្រូបង្វឹកការ៉ាតេរៀមច្បងទាំងអស់ ដើម្បីបង្ហាញពីគុណធម៌កីឡាការ៉ាតេកម្ពុជាដល់សង្គមជាតិ។ ៣-ត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ក្នុងការបង្កើនគុណផលកីឡាការ៉ាតេ ឱ្យដល់កម្រិតខ្ពស់ ឈានទៅរកជ័យលាភីពីការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដោយភាពជឿជាក់។ ៤-ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ SEAKF Championship លើកទី៩ នាថ្ងៃទី១៤-២២ ខែមីនា ឆ្នាំ២០២២ ឲ្យបានរលូនល្អ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងភាពជោគជ័យ។ ៥-ពេលវេលា SEA Games ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់ ដូច្នេះ ឆ្នាំ២០២២នេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងត្រូវធ្វើឱ្យប្រាកដប្រជាគ្រប់មុខងារទទួលខុសត្រូវ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រ យកប្រៀបឈ្នះ ជូនសហព័ន្ធ និងជូនជាតិ។ ៦-សូមថែទាំអគារទីស្នាក់ការរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលត្រូវបានសាងសង់រួចរាល់នេះ ឱ្យបានរឹងមាំ សោភ័ណភាព និងអនាម័យល្អ ដើម្បីត្រៀម SEA Games ឆ្នាំ២០២៣។
ទន្ទឹមនេះ សហព័ន្ធ ក៏ត្រូវត្រៀមបញ្ចូនអាជ្ញាកណ្ដាលម្នាក់គឺ កញ្ញា ជា ថារី ដែលបានប្រឡងជាប់កម្រិត A អាស៊ី ទៅប្រឡងយកអាជ្ញាកណ្តាលកម្រិត B ក្នុងកម្រិតពិភពលោក “WKE” នាខែក្រោយនេះ ក្នុងការពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឱ្យដល់កម្រិតពិភពលោក៕
