ឯកឧត្តម ឆាយ ថន ៖ នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិ ថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់បី ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូZoom ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ជាមួយនឹងសមភាគី លោកស្រី Pauline Thamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក “សិក្ខាសាលាស្តីពីការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ដែលរៀបចំដោយ ក្រសួងផែនការ សហការជាមួយនឹង ការិយាល័យសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និង យូអិនអេស្កាប់ ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និង តំណាងស្ថាប័នអង្គការសហប្រជាជាតិ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះ រៀបចំឡើងក្រោមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យក្រសួងផែនការ ដឹកនាំនិងសម្របសម្រួលការងាររៀបចំរបាយការណ៍ និងការងារផ្សេងទៀតពាក់ព័ន្ធនឹងដំណើរការនិងការត្រៀមរៀបចំការចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីអន្តរការដោយរលូនសម្រាប់អនុវត្តន៍ក្រោយការចាកចេញ ហើយក៏ជាសិក្ខាសាលាលើកទីមួយស្តីពីដំណើរការនិងការត្រៀមរៀបចំការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹង អំពីការបំពេញបាននូវលក្ខខណ្ឌ សម្រាប់ការចាកចេញលើកទីមួយរបស់កម្ពុជានៅឆ្នាំ២០២១ និង អំពីដំណើរការនិងយន្តការនៃការត្រៀមចាកចេញ នៅក្នុងបរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងបរិស្ថាន និងយន្តការនៃ កម្មវិធីសកម្មភាពទីក្រុងដូហា ២០២២-២០៣១ (Doha Programme of Action, 2022-2031 – DPoA, 2022-2031)។ វាគ្មិនជាតំណាងយូអិនអេស្កាប់ និងវាគ្មិននៃក្រសួងផែនការ នឹងចូលរួមធ្វើបទបង្ហាញ នៅក្នុងសិក្ខាសាលានេះ ផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា ការស្តារ និងកសាងប្រទេស ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្រោយពីវិនាសកម្មដ៏ធំធេងលើគ្រប់វិស័យដែលបន្សល់ទុកឲ្យ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានចាប់ផ្តើមធ្វើឡើងជាបណ្តើរៗ ពីចំណុចសូន្យ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឈដ្ឋាននៃសង្គមជាតិទាំងមូល ព្រមទាំងការឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តជាតិ ជាពិសេស ចាប់ពីក្រោយការអនុវត្ត “គោលនយោបាយឈ្នះឈ្នះ” ដែលធានាឲ្យមាននូវបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ គឺសន្តិភាពពេញលេញ រួមជាមួយនឹង យុទ្ធសាស្រ្ត, គោលនយោបាយ និងផែនការអភិវឌ្ឍន៍សង្កម-សេដ្ឋកិច្ច ដ៏សមស្របទាំងឡាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងស្តារ កសាង និងអភិវឌ្ឍ ទាំងអស់នេះ បាននាំមកនូវវឌ្ឍនភាពយ៉ាងធំធេងនិងឆាប់រហ័ស រហូតបានប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាប នៅឆ្នាំ២០១៦។

ឯកឧត្តមបានបន្តទៀតថា នៅឆ្នាំ២០២១ កម្ពុជាត្រូវបានវាយតម្លៃជាលើកដំបូង ដោយស្ថាប័នអង្គការសហប្រជាជាតិ ថា បានបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំងបី ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច គឺកម្ពុជាមាន (១) ផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ (GNI per Capita) ១.៣៧៧ដុល្លារ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានតម្លៃទាបបំផុត ១.២២២ដុល្លារ, (២) សន្ទស្សន៍ធនធានមនុស្ស (Human Assets Index – HAI) ៧៤,៣ពិន្ទុ ខ្ពស់ជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានពិន្ទុទាបបំផុត ៦៦ពិន្ទុ, និង (៣) សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន (Economic and Environment Vulnerable Index) ៣០,៦ពិន្ទុ ទាបជាងលក្ខខណ្ឌកំណត់ដែលតម្រូវឲ្យមានពិន្ទុខ្ពស់បំផុត ៣២ពិន្ទុ។

ឯកឧត្តមបានបន្ថែមថា ការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទីមួយ ដើម្បីរៀបចំចាកចេញពីចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួចនេះ គឺជាការចាប់ផ្តើមនៃរបត់ប្រវត្តិសាស្ត្រថ្មីមួយរបស់កម្ពុជា ដែលបញ្ជាក់ពីផលនៃកិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងនេះពីសហគមន៍អន្តរជាតិ។

ដំណើរការនៃការចាកចេញ តម្រូវឲ្យកម្ពុជាបំពេញបាននូវលក្ខខណ្ឌចាំបាច់ទាំងបីខាងលើម្តងទៀតជាលើកទីពីរនៅឆ្នាំ២០២៤ រួមជាមួយនឹង ការពិនិត្យអំពីស្ថានភាពនៃភាពងាយរងគ្រោះ (Vulnerability profiles) និងការវាយតម្លៃជាមុនអំពីផលប៉ះពាល់នៃការចាកចេញ (Ex-Ante impact assessment) ដែលក្នុងករណីបំពេញបាន កម្ពុជានឹងត្រូវបានស្នើឱ្យចាកចេញចំណាត់ក្រុមនៃប្រទេសអភិវឌ្ឍតិចតួច។ ការចាកចេញនឹងត្រូវចូលជាធរមាននៅបីឆ្នាំបន្ទាប់ គឺនៅឆ្នាំ២០២៧។ ក្នុងអំឡុងពេលនេះ កម្ពុជាត្រូវមានយុទ្ធសាស្ត្រជាតិអំពីអន្តរកាលដោយរលូនមួយ (A National Smooth Transition Strategy) ដើម្បីធានាថា ការអភិវឌ្ឍប្រទេស នឹងមិនត្រូវបានរងការប៉ះពាល់ដោយសារការចាកចេញ ហើយត្រូវចាប់អនុវត្តក្រោយការចាកចេញចូលជាធរមាន។

ចំពោះលទ្ធផលនៃការវាយតម្លៃ នៃការបានបំពេញបាននូវលក្ខខណ្ឌចាំបាច់លើកទីមួយ នៅឆ្នាំ២០២១ខាងលើ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គឺផ្អែកលើទិន្នន័យមុនពេលការកើតមានជំងឺកូវីដ-១៩។ វិបត្តិនៃជំងឺកូវីដ-១៩ បានជះផលប៉ះពាល់អវិជ្ជមានដោយឥតព្រាងទុក ទៅលើវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថានដែលកំពុងមានដំណើរការវិជ្ជមាន និងដោយរលូន ជាពិសេស ទៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជា ទៅលើវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ច ដូចជា វិស័យទេសចរណ៍ និង វិស័យកម្មន្តសាលកាត់ដេរ។

ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់មានការរីកចម្រើនក្នុងអត្រាមួយថេរក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំៗ បានជួបប្រទះនឹងកំណើនអវិជ្ជមាន (-៣,១%) នៅឆ្នាំ២០២០ ហើយ អត្រាភាពក្រីក្រ ដែលយោងតាមវិធីសាស្ត្រគណនាថ្មី បានកើនឡើងដល់ ១៧,៨% ដែលមួយផ្នែកគឺដោយសារការបាត់បង់ និងព្យួរការងារ នៅក្នុងវិស័យកម្មន្តសាលកាត់ដេរនិងវិស័យទេសចរណ៍។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ ជាបាតុភូតសកល ដែលគ្រប់ប្រទេសលើសកលលោក បានទទួលរង។ នៅកម្ពុជា ការធ្លាក់ចុះអាចមានក្នុងទំហំមិននឹកស្មានដល់ ប្រសិនបើគ្មានការឆ្លើយតបយ៉ាងទាន់ពេល ប្រកបដោយស្មារតីប្រុងប្រយ័ត្ន បុរេសកម្ម និងទទួលខុសត្រូវខ្ពស់ របស់រាជរដ្ឋាភិបាល គួបផ្សំនឹង យុទ្ធនាការចាក់វ៉ាក់សាំងបានរហ័សនិងទូលំទូលាយ ដែលធ្វើឲ្យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍មានកម្រិតមធ្យម និងស្ថិតនៅក្រោមការគ្រប់គ្រងបាន។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញ និងអនុវត្តនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន១០ជុំ ជាបន្តបន្ទាប់ និងយន្តការចំពោះមុខជាច្រើនទៀត ដើម្បីទ្រទ្រង់និងស្តារសកម្មភាពអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ និងជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រនិងងាយរងគ្រោះ។ ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ តាមការវាយតម្លៃពាក់កណ្តាលឆ្នាំរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទោះបីជាមាន “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានអត្រាកំណើន ២,៤% នៅឆ្នាំ២០២១។

ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្ដារកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងពេលចំពោះមុខ និងក្នុងរយៈពេលមធ្យម ប្រកបដោយចីរភាពនិងបរិយាប័ន្ន ក៏ដូចជា ដើម្បីដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត សំដៅពង្រឹងភាពធន់សង្គម-សេដ្ឋកិច្ច (socio-economic resilience) ក្នុងរយៈពេលវែង តាមរយៈសសរស្តម្ភ ៣ គឺ ការស្តារ(Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់(Resilience)៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner