ឯកឧត្តម ហ៊ុន ម៉ាណែត៖ អ្នកនយោបាយខ្លះពុំត្រឹមតែពុំបានជួយប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងទេ តែថែមទាំងអំពាវនាវឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជាថែមទៀត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលបានលើកមកបញ្ជាក់ដោយរំលឹកឱ្យប្រជាពលរដ្ឋធ្វើការកត់សម្គាល់ថា ក្នុងអំឡុងពេលកូវីដ-១៩ ដែលប្រទេសកម្ពុជាបានជួបប្រទះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសធ្វើបាបកម្ពុជាទៅវិញ ដែលធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែមទៀត។ ការបញ្ជាក់នេះបានធ្វើនៅក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្តម ហេង សួរ ជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ និងលោក ឡូញ សារ៉ូ ជាប្រធានក្រុមការងារ​យុវជនស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករ ឯកឧត្តម ហ៊ុន ម៉ាណែត បានរំលឹកប្រជាជនធ្វើការកត់សម្គាល់ផងដែរថា ក្នុងអំឡុងពេលកូវីដ-១៩នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយឬដាក់ទណ្ឌកម្មលើកម្ពុជាក្នុងគោលបំណងធ្វើឱ្យប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩ ហើយនោះកាន់តែរងផលប៉ះពាល់បន្ថែម។ ឯកឧត្តមបន្តថា អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯងទៅវិញ ដោយស្រេកឃ្លានចង់ឃើញតែប្រជាជនខ្លួនឯងរងទុក្ខវេទនា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួនឱ្យបានល្អ ជាពិសេសគឺត្រូវខិតខំជួយបម្រើប្រជាជនឱ្យបានល្អ ពីព្រោះគណបក្សប្រជាជនកម្ពុជាយើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រីគណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចសហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជាពីព្រោះក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន៖ ទី១.ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗ នូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាលនាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបានមួយថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២.ក្រោយការផ្តួលរំលំរបបប៉ុល ពត ភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពិសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣. បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវសុខសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨ និងទី៤. បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារ បរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើនម៉ឹននាក់ថែមទៀតអាចនឹងត្រូវបាត់បង់ ហើយក៏គ្មានទេការបើក និងស្តារសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោបានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner