ធនាគារពាណិជ្ជ អាល់ហ្វា ម.ក វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

 ធនាគារពាណិជ្ជ អាល់ហ្វា ម.ក បានបោះទុនវិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោក ឆារស៍ វ៉ាន់ ជាអគ្គនាយករង និងធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយលោកឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។ ក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគដែលទទួលបានពីមូលបត្របំណុលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន៣០% ត្រូវនឹងទឹកប្រាក់សរុប៣៩០លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ៥.៥% ក្នុងមួយឆ្នាំជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ីនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ សម្តេចតេជោបានបញ្ជាក់ថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុនពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner