សេតវិមាន៖ លោក ចូ បៃដិន និងលោក ហ៊្វូមីអូ គីស៊ីដា គ្រោងធ្វើកិច្ចពិភាក្សាតាមវីដេអូអនឡាញនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ
តូក្យូ៖ អ្នកនាំពាក្យសេតវិមានលោកស្រី ជេនស៍ ផ្សាគី បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូខលនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ កិច្ចប្រជុំនាពេលខាងមុខនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតី បៃដិន កំពុងទន្ទឹងរង់ចាំធ្វើការជាមួយលោកនាយករដ្ឋមន្រ្តី គីស៊ីដា ដើម្បីជំរុញចក្ខុវិស័យរួមគ្នារបស់ប្រទេសទាំងពីរសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើបញ្ហាសំខាន់ៗដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំងការដោះស្រាយវិបត្តិអាកាសធាតុ។
គួរបញ្ជាក់ថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាតាមទូរស័ព្ទក្នុងខែតុលា និងក្នុងខែវិច្ឆិកាកន្លងទៅ នៅខាងក្រៅវេទិការសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 នៅចក្រភពអង់គ្លេស។ លោក គីស៊ីដា ចង់ទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅថ្ងៃដំបូងសម្រាប់កិច្ចពិភាក្សាកំពូល ប៉ុន្តែភាគីទាំងពីរហាក់បីដូចជាបានជ្រើសរើសទម្រង់កិច្ចពិភាក្សាតាមអនឡាញវិញ ដោយផ្តោតលើការរីករាលដាលនៃវីរុសបំប្លែងថ្មី អូមីក្រុង និងស្ថានភាពនយោបាយរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ NHK

