ជនស៊ីវិលអ៊ុយក្រែនហ្វឹកហាត់ជាមួយយោធា ចំពេលមានការភ័យខ្លាចការឈ្លានពានរបស់រុស្ស៊ី

គៀវ៖ ជនស៊ីវិលអ៊ុយក្រែនជាច្រើននាក់បាននិងកំពុងធ្វើការហ្វឹកហាត់នៅជិតទីក្រុងគៀវ ខណៈដែលការគំរាមកំហែងនៃការលុកលុយរបស់រុស្ស៊ីបានកើតឡើង។

អ្នកស្ម័គ្រចិត្តម្នាក់បានប្រាប់សារព័ត៌មាន CGTN Europe ថា ប្រសិនបើខ្ញុំមិនការពារប្រទេសរបស់ខ្ញុំ តើអ្នកណានឹងធ្វើរឿងនេះ? ខ្ញុំបានសម្រេចចិត្តថា ខ្ញុំមិនចង់ពន្យល់កូនរបស់ខ្ញុំថា នៅពេលមានសង្រ្គាម ខ្ញុំមិននៅទីនោះដើម្បីការពារប្រទេសរបស់ខ្ញុំទេ… នោះហើយជាមូលហេតុចម្បង។ វគ្គហ្វឹកហ្វឺនគឺជាវគ្គមួយក្នុងចំណោមវគ្គជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែនដែលរៀបចំដោយយោធារបស់ប្រទេសនេះ ដែលជាការទទួលស្គាល់ថា កងកម្លាំងធម្មតារបស់អ៊ុយក្រែននឹងមិនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។ អ៊ុយក្រែន​មាន​ប្រវត្តិ​ប្រើ​ទាហាន​ស៊ីវិល​ក្នុង​សមរភូមិ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៤ កងពលតូចស្ម័គ្រចិត្តបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត។ អង្គភាព​ទាំងនោះ​ត្រូវ​បាន​បញ្ចូល​ជា​ផ្លូវការ​ទៅក្នុង​យោធា​អ៊ុយក្រែន ក្នុង​នាម​ជា​កងកម្លាំង​ការពារ​ដែនដី។ យ៉ាងណាមិញ រុស្ស៊ី​បាន​បដិសេធ​ជានិច្ច​នូវ​ចេតនា​ឈ្លានពាន​អ៊ុយក្រែន។ ហើយដោយសារបញ្ហានេះ ទីក្រុងម៉ូស្គូបានចេញការទាមទារជាបន្តបន្ទាប់ ទៅកាន់មហាអំណាចលោកខាងលិច រួមទាំងការធានាថា សម្ព័ន្ធមិត្តយោធាណាតូនឹងមិនពង្រីកខ្លួនទៅភាគខាងកើតឡើយ។

កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្ត ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បាននិយាយកាលពីថ្ងៃអង្គារ៍ថា លោកបានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងម៉ូស្គូ កុំឱ្យឈ្លានពានអ៊ុយក្រែន ហើយបានជំរុញឱ្យប្រទេសទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន) ត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលបានរៀបចំឡើង ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ភាគខាងកើត៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner